ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ដោយសារម៉ូតូ២គ្រឿងបុកបញ្ច្រាសគ្នានៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជនម្នាក់ស្លាប់នឹងកន្លែងចំណែកម្នាក់ទៀតរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងម៉ូតូនិងម៉ូតូបើកបញ្ច្រាសទិសបុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២១ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៤៨-១៤៩ ស្ថិតនៅក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថាយុវជនដែលស្លាប់មានឈ្មោះ រឿត រ៉ូ  អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារជិះម៉ូតូម៉ាក HONDA C១២៥ ពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ១E២៥៧៥ខូចខាតយ៉ាងដំណំ។

ចំណែកភាគីម្ខាងទៀតមនឈ្មោះ ព្រំ ពន្លឺ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសាក្សីបានអោយដឹងថាមុនកើតហេតុមានយុវជនម្នាក់បានជិះម៉ូតូម៉ាក HONDA C១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ១E-២៥៧៥នៅលើផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិចដោយបើកមិនប្រកាន់ស្តាំ ស្រាប់តែទៅបុកនិងម៉ូតូម៉ាកហុងដា ស្គូពី ព៌ណស ពាក់ស្លាកលេខ ស្វាយរៀង ១O-៦៧៥០ក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

ចំពោះមធ្យោបាយធ្វើដំណើរម៉ូតូទាំង ២ គ្រឿង សមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេស ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖