កីឡាការិនីវាយតឺន្នីសលំដាប់ទី៦របស់ប្រទេសកាណាដា Bianca Andreescu បានខកខានការប្រកួត Madrid Open បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ពេលធ្វើដំណើរទៅដល់ប្រទេសអេស្ប៉ាញ។
សារព័ត៌មាន AFP បានផ្សាយថា បន្ទាប់ពីធ្វើតេស្តអវិជ្ជមានពីរដងមុនពេលដែលកីឡាការិនីនេះហោះហើរទៅកាន់ទីក្រុងម៉ាឌ្រីដ នាងត្រូវបានគេប្រាប់ឱ្យដឹងថា នាងបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ នៅពេលដែលមកដល់ទឹកដីអេស្ប៉ាញ ដូច្នេះនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Madrid Open នៅចុងសប្តាហ៍នេះទេ។
កីឡាការិនី Andreescu បាននិយាយថា “ខ្ញុំមានអារម្មណ៍ល្អ ខ្ញុំកំពុងសម្រាកហើយបន្តអនុវត្តតាមពិធីសារសុខភាព និងគោលការណ៍ណែនាំសុវត្ថិភាព។ ខ្ញុំទន្ទឹងរង់ចាំការត្រឡប់ទៅភាពល្អប្រសើរវិញឆាប់ៗនេះ”។
វាជាការខកចិត្តមួយផ្សេងទៀតសម្រាប់កីឡាការិនីវ័យ២០ឆ្នាំរូបនេះដែលធ្លាប់បានចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ Miami Open ទល់នឹងកំពូលកីឡាករ Ashleigh Barty កាលពីខែមុនដោយមានរបួសជើងខាងស្តាំ។
នាងបានខកខានប្រកួតពានរង្វាន់ Billie Jean King Cup នៅប្រទេសកាណាដា កាលពីដើមខែមេសា ប៉ុន្តែនាងសង្ឃឹមថានឹងត្រៀមខ្លួនសម្រាប់ការប្រកួត WTA tour និងឈានដល់ព្រឹត្តិការណ៍ French Open ។
សូមបញ្ជាក់ថា កីឡាការិនី Andreescu ធ្លាប់ឈ្នះជើងឯក US open ក្នុងឆ្នាំ២០១៩ ជាមួយនឹងជ័យជំនះលើកីឡាការិនី Serena Williams របស់សហរដ្ឋអាមេរិកនៅវគ្គផ្តាច់ព្រ័ត្រនោះបានចំណាយពេល១៥ខែនៅក្រៅទីលាន ដើម្បីថែទាំរបួសជង្គង់មុនពេលការរីករាលដាលនៃជំងឺឆ្លងកូវីដ–១៩នេះកើតឡើងក្នុងឆ្នាំ ២០២០ ។ កីឡាការិនីរូបនេះបានវិលត្រឡប់មកទីលានប្រកួតវិញកាលពីខែកុម្ភៈក្នុងព្រឹត្តិការណ៍ Australian Open ជាកន្លែងដែលនាងបានធ្លាក់ក្រោយស្នាដៃកីឡាការិនីតៃវ៉ាន់ Hsieh Su-wei៕ដោយ ៖ ភារៈ