ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងអំណរគុណជូនចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) ដែលបានផ្ដល់កិច្ចសហការគាំទ្រយ៉ាងពេញទំហឹង ប្រកបដោយវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ខ្ពស់ សម្រាប់រយៈពេល ២០ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំង ជូនបុគ្គលិកមន្រ្តីរាជការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជម្រាបជូនលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ កម្មវត្ថុ សេចក្ដីថ្លែងអំណរគុណចំពោះកិច្ចសហការផ្តល់ជំនួយគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន លោក មេត្តាជ្រាបថា ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ បានបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវិt-១៩ ជូនបុគ្គលិកមន្ដ្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ២ លើក ដោយជោគជ័យ ស្របតាមផែនការដែលបានរៀបចំដោយគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងការពារ ជំងឺកូវី១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)។ កិច្ចដំណើរការនៃការចាក់វ៉ាក់សាំងនេះ អាចប្រព្រឹត្តទៅបាន ដោយរលូន នឹងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក គឺអាស្រ័យដោយមានជំនួយពីសំណាក់សមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដោយបានផ្ដល់ជាក្រុមគ្រូពេទ្យជំនាញ ការប្រឹក្សាយោបល់ និងសម្ភារ បរិក្ខារវេជ្ជសាស្ត្រចាំបាច់មួយចំនួនទៀត សម្រាប់គាំទ្រកិច្ចដំណើរការ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យសម្រេច បានត្រឹមត្រូវគ្រប់ជ្រុងជ្រោយតាមបទដ្ឋានបច្ចេកទេសវេជ្ជសាស្ត្រសុខាភិបាល និងស្របតាមការណែនាំរបស់ គ.វ.ក -១៩។
ក្នុងន័យនេះ ខ្ញុំសូមសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលបានផ្ដល់កិច្ចសហការគាំទ្រយ៉ាងពេញទំហឹងប្រកបដោយវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ខ្ពស់ សម្រាប់រយៈពេល ២០ ថ្ងៃ នៃយុទ្ធនាការចាក់វាក់សាំង ជូនបុគ្គលិកមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថ្នាក់កណ្តាល សរុបប្រមាណ ៣,៧០០ នាក់។ ការផ្តល់ជំនួយគាំទ្រនេះ ពិតជាបង្ហាញឱ្យឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាង TYDA, ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើសកម្មភាពដ៏ប្រពៃនេះ គឺជាវិភាគទានដ៏សំខាន់ក្នុងការចូលរួមចំណែកសម្រេចឱ្យបាននូវគោលដៅរក្សាសុខសុវត្ថិភាព សង្គម និងសុខុមាលភាពសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជូនពរ លោកនិងក្រុមគ្រូពេទ្យទាំងអស់ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ (YDA) ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ និងជួបប្រទះតែពុទ្ធពរបួនប្រការី គឺ អាយុ វណ្ណៈ សុខៈ ពល: កុំបីឃ្លៀងឃ្លាតឡើយ។
សូមលោក មេត្តាទទួលនូវការថ្លែងអំណរគុណ និងការគោរពរាប់អានដ៏ស្មោះពីខ្ញុំ៕
ដោយ ៖ សិលា