ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបថា៖ ចំពោះករណីពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ អុឹង ខៃលី ភេទប្រុស មុខរបរអ្នកលក់គ្រឿងក្រអូប នៅផ្សារក្រោម រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសម្រេចបិទទីតាំងអាជីវកម្មដ្ឋាន និងផ្ទះ ចំនួន១៧។
ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារជំនាញ បានធ្វើឲ្យករណីនេះបានវិលទៅរកភាពប្រក្រតី និងស្ថិតក្រោមការគ្រប់គ្រង ដូចនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញទីតាំងអាជីវកម្មដ្ឋាន និងផ្ទះ ចំនួន១៧ ក្នុងភូមិសាស្រ្តក្រុងសៀមរាប។ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ត្រូវដឹកនាំកម្លាំងមានសមត្ថកិច្ច ចុះអនុវត្តប្រកាសបើកដំណើការទីតាំងពាក់ព័ន្ធដូចមានតារាងជូនភ្ជាប់។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុងសៀមរាប ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ចៅសង្កាត់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាប និងចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ ៖ សិលា