ភ្នំពេញ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលរស់នៅក្នុងសង្កាត់ទួលទំពូងទី១ ចំនួន១៤៥គ្រួសារ បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកអភិបាលរាជធានីភ្នំពេញ និងដឹកនាំចែកជូនដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន, លោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ និងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត នៅល្ងាចថ្ងៃ ទី២៧ មេសា ឆ្នាំ២០២១ ។
ក្នុងឱកាសនេះ លោក ថេង សុថុល បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេ ជូនបងប្អូន ប្រជាពលរដ្ឋប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ ជាពិសេស ក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានចាត់តាំងឲ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ -សង្កាត់ ចុះមកជួបដោយផ្ទាល់ សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូន ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានលើកឡើងទាក់ទងនឹងក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃ ខេត្តកណ្តាល ដែលជាជាវិធានការមួយរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ-១៩ នៅក្នុងមូលដ្ឋាននីមួយៗ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ។ ដូច្នេះ ក្នុងដំណាក់កាលដ៏លំបាកនៃការបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល គឺត្រូវទាមទារឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះវិលមករកស្ថានភាពធម្មតាវិញ ។
ជាមួយគ្នានេះលោក ថេង សុថុល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេសបញ្ហាអគ្គិសនី ដោយធ្វើយ៉ាងណាពិនិត្យឱ្យបានម៉ត់ចត់កុំមានការធ្វេសប្រហែសឱ្យសោះ ។
បើតាមលោកនាយករដ្ឋបាលខណ្ឌបានបញ្ជាក់ថា អំណោយដែលចែកជូននៅពេលនេះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ១បាវទម្ងន់២៥គីឡូក្រាម មី ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ និងត្រីខ ១យួរ ៕
ដោយ៖ ជីណា