ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចេញបទបញ្ជា ដល់មេអង្គភាពចំណុះអោយកងទ័ពជើងគោក មិនអនុញ្ញាតអោយយោធិនឆ្លៀតឱកាសអនុវត្ត កិច្ចការផ្សេងៗ មិនគោរពនូវបទបញ្ជារបស់រាជរដ្ឋាភិបាល !

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានយោធិនមួយចំនួនតូច បានឆ្លៀតឱកាសអនុវត្តកិច្ចការផ្សេងៗមិនស្របច្បាប់ ហើយត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ទើបនៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានចេញបទបញ្ជាតាមសារសំឡេងយ៉ាងដូច្នេះថា, មេបញ្ជាការយោធភូមិភាគ ,មេបញ្ជាការកងពល , និងបណ្ដាអង្គភាពចំណុះកងទ័ពជើងគោកទាំងអស់ , យើងមានករណីដែលនាយទាហានរបស់យើង នៅក្នុងអង្គភាពមួយចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកយើងនេះ បានប្រព្រឹត្តបទល្មើសប្រើប្រាស់លិខិតបេសកកម្មរបស់អង្គភាព ហើយលួចដឹកជញ្ជូនចិន ចេញពីគោលដៅហាមឃាត់ ។ ដូច្នេះខាងសមត្ថកិច្ចបានកសាងសំណុំរឿងទៅកាន់តុលាការដើម្បីអនុវត្តនីតិវិធីច្បាប់ ។ លោកមេបញ្ជាការកងទ័ពជើងគោកបានបន្តថា, ខ្ញុំសូមបញ្ជាក់ថា, សូមលោកមេបញ្ជាការយោធភូមិភាគ មេបញ្ជាការកងពល ទាំងអស់ សូមដាក់បទបញ្ជាតឹងរ៉ឹងទៅដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំណុះឲ្យអង្គភាពរបស់ខ្លួន ដើម្បីអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវ បទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសការពាក់ព័ន្ធទៅនឹង កាឡុកដោននិងការអនុវត្តផ្សេងៗ ។ បើសិនជាមិនគោរពទេ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ព្រោះក្នុងដំណាក់កាលនេះគឺក្នុងដំណាក់កាលចាំបាច់ ដែលយើងត្រូវរួមគ្នាអនុវត្តបទបញ្ជាឲ្យបានតឹងរឹង ហើយមិនអាចឲ្យយោធិនមួយចំនួនតូច ទៅឆ្លៀតឱកាសអនុវត្តកិច្ចការផ្សេងៗលើសពី អ្វីដែលមិនគោរពទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ។ដូច្នេះសូមឲ្យបណ្ដាលលោកមេបញ្ជាការទាំងអស់ក្នុងអង្គភាពដាក់បទបញ្ជាដល់ យោធិននៅក្នុងអង្គភាពចំណុះរបស់ខ្លួន៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖