ព័ត៌មានទាន់ហេតុការណ៍៖

បាត់មុខជាច្រើនឆ្នាំ ថៃ នរៈពិទូ ស្រាប់តែបង្ហាញមុខសម្តែងក្នុងបទថ្មីមួយរបស់តារាចម្រៀង រិទ្ធិ ប្រុសពៅ(មានបទចម្រៀង)

ចែករំលែក៖

ភ្នំពេញ៖ ពិតជាបង្កើតការភ្ញាក់ផ្អើលសម្រាប់ទស្សនិកជនក្រោយពីអតីតប្រុសស្អាត Freshie Boy ឆ្នាំ២០០៦ លោក ថៃ នរៈពិទូ បានលេចមុខក្នុងបទចម្រៀងថ្មីមានចំណងជើងថា “បើគ្មានបងអូននឹងសប្បាយចិត្ត”របស់តារាចម្រៀង រិទ្ធិ ប្រុសពៅ ក្នុងផលិតកម្មOne Shot Media ។ ភ្ញាក់ផ្អើលក៏ព្រោះតែនេះគឺជាស្នាដៃសម្តែងលើកដំបូងក្រោយពីលោកបានបាត់មុខអស់រយៈពេលជាច្រើនឆ្នាំមក។
ស្នាដៃសម្តែងក្នុងបទថ្មីនេះទទួលបានការលើកទឹកចិត្ត និងសាទរជាច្រើនពីសំណាក់ទស្សនិកជន អមដោយការសរសើរអំពីការសម្តែងក្នុងបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅដែលបកស្រាយដោយតារាចម្រៀង រិទ្ធិ ប្រុសពៅនោះ។ ទស្សនិកជនសរសើរថា ទេពកោសល្យនៃការសម្តែងរបស់លោកហាក់មិនប្រែប្រួលសោះ ខណៈដែលរូបសម្រស់ក៏នៅតែស្រស់សង្ហាដដែល។ កាន់តែជកចិត្តថែមទៀតនោះគឺអត្ថន័យនៃបទចម្រៀងនេះកាន់តែចាក់ចំបេះដូងអ្នកគាំទ្រ អមដោយសាច់រឿងឆ្លុះបញ្ចាំងពីតថភាពនិងស្នេហាសម័យទំនើបរបស់យុវវ័យ។ អ្នកគាំទ្រជាច្រើនរបស់លោក និងផលិតកម្មនេះបានធ្វើការចែករំលែក ខណៈទស្សនិកជនដែលពេញចិត្តនឹងសាច់រឿងរបស់អ្នកនិពន្ធក៏លាន់មាត់សរសើរ អមដោយការបញ្ចេញមតិពេញចិត្តជាហូរហែ។ ទន្ទឹមគ្នានេះក៏មានទស្សនិកជនជាច្រើនបានស្នើឲ្យតារាសម្តែងរូបនេះបន្តប្រឡូកក្នុងអាជីពសិល្បៈឡើងវិញ ក្រោយពីលោកជួបព្យុះភ្លៀងក្នុងជិវិតនោះ។
ជាមួយគ្នានេះដែរ ទស្សនិកជនក៏បានកោតសរសើរពីការផលិតរបស់ផលិតករលោក រិទ្ធិ អូមេហ្គា ក្នុងការផលិតបទចម្រៀងថ្មីអមដោយសាច់រឿងដ៏គួរឲ្យចាប់អារម្មណ៍ និងបានផ្តល់ឱកាសសម្រាប់សិល្បករប្រុសស្រីជាច្រើននាក់ ដូចជាអតីតកញ្ញាឯកកញ្ញា សេង រដ្ឋា និងក្រោយពីលោកបានបង្ហើបពីគម្រោងដឹកនាំផលិតបទចម្រៀងមួយចំនួនរបស់តារាចម្រៀង មួន ម៉ារ៉ា និងលោក សានផានិតជាដើម៕

ដោយ ៖ វឌ្ឍនា

 


ចែករំលែក៖