ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា, ក្នុងរយៈពេលកន្លងមកនេះ គ្រប់អង្គភាពកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអង្គភាពក្នុងខេត្ត ក្រុមគ្រូពេទ្យ និងបណ្តាផ្នែកពាក់ព័ន្ធផ្សេងៗទៀត បានយកចិត្តទុកដាក់ ខ្ពស់ក្នុងការអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាលទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវ។ ស្ថិតក្នុងដំណាក់កាលថ្មីនេះ ដើម្បីពង្រឹងការអនុវត្តឲ្យកាន់តែមានភាព ម៉ឺងម៉ាត់ ហ្មត់ចត់ និងប្រសិទ្ធភាពបន្ថែមទៀត រដ្ឋបាលខេត្ត សូមដាក់ចេញនូវសេចក្តីណែនាំស្តីពីការចាត់ តាំងប្រតិបត្តិគោលការណ៍ពង្រឹងការអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ភូមិសាស្ត្រខេត្តស្ទឹងត្រែង ដូចខាងក្រោម៖
១. រដ្ឋបាលក្រុង ស្រុក កងកម្លាំងមានសមត្ថកិច្ច មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ពិនិត្យរៀបចំ ដាក់ចេញផែនការរួមគ្នាដើម្បីបន្តអនុវត្តវិធានការរឹតត្បិតការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ភូមិសាស្ត្រខេត្ត របស់ប្រជាពលរដ្ឋ និងអ្នកដំណើរផ្សេងទៀត មកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តផ្សេងៗ ជាពិសេសមកពី ភូមិសាស្ត្រនៃមូលដ្ឋានដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រួមទាំងការធ្វើដំណើរឆ្លងចូលពីខេត្តនៃ ប្រទេសជិតខាងមានភូមិផងរបងជាមួយឲ្យបានម៉ឺងម៉ាត់។ ក្នុងការអនុវត្តវិធានការរឹតត្បិតនេះ ត្រូវបាន លើកលែងចំពោះករណីធ្វើដំណើរ ដូចមានចែងក្នុងមាត្រា៤ នៃអនុក្រឹត្យលេខ ៥៧ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១។
២. អភិបាលក្រុង ស្រុក ត្រូវរៀបចំចាត់តាំងឲ្យមានក្រុមការងារជាក់ស្តែង ដើម្បីទទួលខុសត្រូវ ការងារនៅតាមបណ្តាឃុំ សង្កាត់នីមួយៗ ក្នុងការគ្រប់គ្រងសភាពការណ៍នៃចលនាចេញ-ចូលរបស់ប្រជា ពលរដ្ឋ និងអ្នកដំណើរផ្សេងៗទៀតក្នុងមូលដ្ឋាននៃឃុំ សង្កាត់ទាំងអស់ទូទាំងខេត្ត ព្រមទាំងអនុវត្តភារកិច្ច ចាំបាច់មួយចំនួនទៀតក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងមូលដ្ឋានខេត្ត។
៣. ចំពោះការធ្វើដំណើរចេញពីមូលដ្ឋានក្នុងខេត្ត ទៅកាន់ភូមិសាស្ត្រនៃតំបន់មានការបិទខ្ទប់ ដែលបានកំណត់ជាធរមាន ត្រូវមានការស្នើសុំត្រឹមត្រូវទៅតាមលក្ខខណ្ឌដែលអាចអនុញ្ញាតបាន និងត្រូវ គោរពតាមវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដូចបានកំណត់ក្នុងអនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃ ទី១២ ខែមីនា ឆ្នាំ២០២១ និងលិខិតបទដ្ឋានគតិយុត្តនៅជាធរមាន។
៤. ចំពោះអ្នកដំណើរដែលធ្វើដំណើរមកពីភូមិសាស្ត្រមានឆ្លងរាលដាលនៃជំងឺកូវីដ-១៩ឬ/និង មូលដ្ឋាននៃតំបន់បិទខ្ទប់ ព្រមទាំងធ្វើដំណើរមកពីបរទេស ត្រូវចាត់តាំងឲ្យមានការត្រួតពិនិត្យច្បាស់លាស់ ស្រាវជ្រាវហ្មត់ចត់ យកសំណាកវិភាគរកមេរោគកូវីដ-១៩ និងដាក់ឲ្យធ្វើចត្តាឡីស័កតាមវិធានការ និង បច្ចេកទេសសុខាភិបាល ដែលមានការបញ្ជាក់ពីមន្ត្រីជំនាញសុខាភិបាលមានសមត្ថកិច្ច។
៥, មន្ទីរទេសចរណ៍ខេត្ត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បី អនុវត្តសារាចរណែនាំលេខ ០០៦ សរណន ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់។
៦. ស្ថិតក្នុងបរិការណ៍នៃបញ្ហាប្រឈម ដែលមានហានិភ័យខ្ពស់ពីជំងឺកូវីដ-១៩នេះ អាជ្ញាធរ មូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ គ្រប់ផ្នែកមានសមត្ថកិច្ចក្នុងខេត្ត ត្រូវបន្តក្រើនរំលឹក និងអំពាវនាវឲ្យប្រជា ពលរដ្ឋគ្រប់រូប និងសាធារណជនទាំងអស់ ចូលរួមអនុវត្តនូវវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ដែលបានដាក់ចេញ ជាពិសេសការទប់ស្កាត់ និងបញ្ចៀសឲ្យបានពិធីបែបជួបជុំតាមទីសាធារណៈ និងនៅ តាមទីតាំងផ្សេងៗទៀតដែលមានសភាពអ៊ូអរ និងមនុស្សម្នាចូលរួមជួបជុំច្រើន។
៧-នៅតាមគ្រប់ផ្សារ និងកន្លែងលក់ដូរទំនិញនានា ព្រមទាំងក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម ចំណតរថយន្ត ទីតាំងដឹកជញ្ជួន-បញ្ញើទំនិញនិងអីវ៉ាន់ និងមូលដ្ឋានសំខាន់ៗផ្សេងទៀត ត្រូវធ្វើ ការណែនាំឲ្យចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “ពាការពារ និង ៣កុំ និងវិធានការសុខាភិបាល ចាំបាច់ផ្សេងទៀតសំដៅបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
៨. ផ្តើមចេញពីវិធានការខាងលើនេះ ថ្នាក់ដឹកនាំនៃកងកម្លាំងមានសមត្ថកិច្ច ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ត្រូវធ្វើការណែនាំភាពជាគំរូដល់មន្ត្រីកងកម្លាំង មន្ត្រី រាជការ និងបុគ្គលិកក្រោមឱវាទអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “ពាការពារ និង ៣កុំ” និងវិធានការសុខាភិបាលចាំបាច់មួយចំនួនទៀត ព្រមទាំងចូលរួមធ្វើការផ្សព្វផ្សាយណែនាំដល់សមាជិកក្នុងក្រុមគ្រួសារ និង អ្នកនៅជុំវិញខ្លួន ឲ្យចូលរួមអនុវត្តគ្រប់ៗគ្នាក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីការពារ អាយុជីវិតប្រជាពលរដ្ឋ ថែរក្សាសុខភាពសាធារណៈ និងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសង្គម។
៩. ក្នុងករណីចាំបាច់ និងសភាពការណ៍ជាក់ស្ដែង រដ្ឋបាលខេត្ត នឹងពិនិត្យដាក់ចេញនូវគោល ការណ៍អនុវត្តបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ ទទួលបានសេចក្ដីណែនាំនេះ សូមគ្រប់អង្គភាពកងកម្លាំងមានសមត្ថកិច្ច មន្ទីរ អង្គភាពក្នុងខេត្ត និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ គ្រប់ផ្នែកពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយ និងអនុវត្តឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ និងទន់ភ្លន់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖ សុខ ខេមរា