ភ្នំពេញ៖ បើយោងតាមប្រភព Inews daily បានអោយដឹងថា, ថវិកាចំនួន៥ម៉ឺនដុល្លារ ដែលជាថវិការបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal group និង ជា ប្រធានក្រុមប្រឹក្សាធនាគារ Wing បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចាត់ចែង ក្នុងការងារ បង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩ ស្របពេលដែលសប្បុរសជននានាបានជួយឧបត្ថមមកសាលារាជធានីភ្នំពេញជាបន្តបន្ទាប់ ទាំងសម្ភារៈនិងស្បៀងអាហារនោះ។
ពិធីប្រគល់និងទទួលថវិកាខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ មេសា នៅសាលារាជធានីភ្នំពេញក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងអ្នកឧកញ៉ា គិត ម៉េង ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ក្នុងឱកាសនោះបានថ្លៃងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកឧកញ៉ា គិត ម៉េង ដែលតែងបានជួយមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនបន្តដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ពិសេសតំណាក់កាលដែលរាជធានីភ្នំពេញកំពុងប្រឈមនិងជម្ងឺរាតត្បាតកូវីដ-១៩ ដែលត្រូវការជួយសង្គ្រោះ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ចំពោះការចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រនិងកម្មករ កម្មការិនីរោងចក្រ នៅក្នុងតំបន់បិទខ្ទប់ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការសហការជាមួយកងទ័ពជើងគោក បាននិងកំពុងដឹកជញ្ជូនស្បៀងអាហារនិងចែកអំណោយជូនប្រជាពលរដ្ឋជាប្រចាំ ដោយគិតមកដល់ពេលនេះ មានចំនួនរាប់ម៉ឺនគ្រួសារហើយ ដែលអំណោយទាំងនេះ ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោកឃួង ស្រេងបន្តថា រាជធានភ្នំពេញពេលនេះ កំពុងអនុវត្តវិធានការបិទខ្ទប់នៅតំបន់លឿងទុំនិងតំបន់ក្រហម ។ចំពោះតំបន់លឿងទុំ អាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចរបស់យើងបានកំពុងបិទ ការចេញចូលយ៉ាងម៉ឺងម៉ាត់ ហើយចំពោះតំបន់ក្រហមគឺមិនអនុញ្ញតអោយចេញ ចូល១០០ភាគរយតែម្តង ដើម្បីកាត់ផ្តាច់អោយបានការរីករាលដាលជម្ងឺកូវីដ-១៩៕
ដោយ៖ សហការី