ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បន្ដចុះពិនិត្យតំបន់ក្រហមជាតំបន់ដែលអាជ្ញាធររាជធានីត្រូវបន្ដបិទខ្ទប់ឲ្យបានម៉ឺងម៉ាត់ដើម្បីពង្រឹងការអនុវត្តនៃការបិទខ្ទប់ឱ្យមានប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ៖ តំបន់ក្រហមគឺជាតំបន់ដែលអាជ្ញាធររាជធានីភ្នំពេញធ្វើការបិទខ្ទប់១០០ភាគរយ ហើយតំបន់លឿងទុំក៏ជាតំបន់មួយដែលអាជ្ញាធររាជធានីភ្នំពេញ បានធ្វើការបិទខ្ទប់យ៉ាងម៉ឺងម៉ាត់ផងដែរ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩នេះឱ្យមានប្រសិទ្ធភាព ។

   ដើម្បីពង្រឹងការបិទខ្ទប់នេះឲ្យមានប្រសិទ្ធភាព ដែលអាចឈានទៅដល់កាត់ផ្ដាច់បាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំអនុវត្តវិធានបិទខ្ទប់ នៅវេលាថ្ងៃត្រង់នាថ្ងៃទី២៩ ខែមេសានេះ បានចុះពិនិត្យគោលដៅទីបញ្ជាការស្រាលនៅច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលមានកងកម្លាំងសមត្ថកិច្ចរាប់រយនាក់ឈរជើងនៅទីនោះ ។ 

  ក្នុងឱកាសនោះលោកឃួង ស្រេង បានធ្វើការណែនាំឱ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលដាក់ឱ្យឈរជើងនៅទីបញ្ជាការស្រាលនៅច្រមុះជ្រូកស្ទឹងមានជ័យ ត្រូវពង្រឹងការបិទខ្ទប់តំបន់ក្រហម តំបន់លឿងទុំឲ្យមានប្រសិទ្ធភាព។ 

    ក្រោយពីធ្វើការណែនាំហើយ លោកឃួង ស្រេងបានបន្តដំណើរទៅពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងបិទខ្ទប់នានាក្នុងតំបន់ក្រហមបន្តទៀតដូចជានៅតាមបណ្តោយផ្លូវវេងស្រេង, ក្នុងខណ្ឌមានជ័យ,សង្កាត់ស្ទឹងមានជ័យទី៣ រួចបន្តទៅខណ្ឌពោធិ៍សែនជ័យ សង្កាត់ចោមចៅទី១ និងខណ្ឌដង្កោតាមបណ្ដោយផ្លូវទួលពង្រ, ផ្លូវព្រៃស រហូតទៅដល់មូលដ្ឋានមួយចំនួនទៀតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាជំរុញការងារអនុវត្តវិធាននៃការបិទខ្ទប់តំបន់លឿងទុំនិងតំបន់ក្រហមនេះ ឲ្យមានប្រសិទ្ធភាពដែលអាចផ្តាច់បាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ៕

ដោយ៖ សំរិត


ចែករំលែក៖