ប្រធានាធិបតីអាមេរិកលោកបៃឌិន នៅយប់ថ្ងៃទី២៨ ខែមេសា (ពេលវេលានៅអាមេរិក) បានថ្លែងសុន្ទរកថាដំបូងបង្អស់ទៅកាន់រដ្ឋសភា ក្រោយការកាន់តំណែងបាន១០០ថ្ងៃ ។ ប្រធានាធិបតីបៃឌិនបានផ្តល់អាទិភាពទៅលើកិច្ចការបរទេស ក្នុងពេលខាងមុខ។
អំពីកិច្ចការក្នុងប្រទេសប្រធានាធិបតីបៃឌិន បានលើកឡើងពីសមិទ្ធផលដែលរដ្ឋាភិបាលរបស់លោកបានធ្វើក្នុងរយៈពេល១០០ថ្ងៃដំបូងនៃការកាន់អំណាច គឺការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បានជាង២០០លានដូស។ ក្រៅពីនេះគឺការអនុម័តច្បាប់ដែលមានឈ្មោះថា គម្រោងជួយសង្គ្រោះទឹកដីអាមេរិក ដោយក្នុងនោះពលរដ្ឋអាមេរិកផ្ទាល់ទទួលបានប្រាក់ពីរដ្ឋាភិបាល ហើយបណ្តាក្រុមហ៊ុនទទួលបានការផ្តល់ប្រាក់កម្ចីដើម្បីឆ្លងផុតវិបត្តិបង្កឡើងដោយកូវិដ-១៩។
ប្រធានាធិបតីបៃឌិនបានលើកឡើងថា «យប់នេះ ខ្ញុំបានមកទីនេះដើម្បីនិយាយពីវិបត្តិនិងឱកាសស្តីពីការកសាងប្រទេសជាតិ ស្តារប្រជាធិបតេយ្យ និងដណ្តើមឥទ្ធិពលរបស់អាមេរិកមកវិញ។ កាលពី១០០ថ្ងៃមុនពេលខ្ញុំកាន់អំណាច ប្រទេសជាតិកំពុងស្ថិតនៅក្នុងវិបត្តិនៃការឆ្លងកូវីដ-១៩ អាក្រក់បំផុតមិនធ្លាប់មាន វិបត្តិសេដ្ឋកិច្ចទ្រង់ទ្រាយធំ ហើយការវាយប្រហារយ៉ាងអាក្រក់បំផុតទៅលើវិស័យប្រជាធិបតេយ្យរបស់យើង។ ក្រោយរយៈពេល១០០ថ្ងៃ ខ្ញុំអាចប្រកាសប្រាប់អស់លោកថា ទឹកដីអាមេរិកបានវិលត្រឡប់មកវិញ ហើយ យើងត្រៀមក្នុងការហោះហើរបន្តទៀត»។
ជាមួយគ្នានេះដែរ លោក ចូ បៃឌិន បានលើកហេតុផលថា គម្រោងនៃការចំណាយសរុបប្រហែល៤ទ្រីលានដុល្លារ គឺត្រូវការជាចាំបាច់ ដើម្បីអាចរក្សាការប្រកួតប្រជែងបានជាមួយប្រទេសចិន ដែលរដ្ឋបាលលោកមើលឃើញថា ជាគូប្រកួតយុទ្ធសាស្រ្តដ៏ធំបំផុតមួយ។ លោក បៃឌិន បានសង្កត់ធ្ងន់ថា ចិនកំពុងតែបោះពួយយ៉ាងប្រកៀកខ្លាំងណាស់ ហើយថែមទាំងបានអះអាងថា លោក ស៉ី ជីនពីង មានបំណងប្រាកដប្រជាមែនទែន ក្នុងការប្រែក្លាយប្រទេសចិនឲ្យទៅជាប្រទេសដែលអស្ចារ្យ និងមានឥទ្ធិពលបំផុតលើលោក។
ក្នុងឱកាសនៃការថ្លែងសារខាងលើ លោក ចូ បៃឌិន បានបង្ហាញពីឆន្ទៈ ក្នុងការពិភាក្សាជាមួយសមាជិកសភានៃគណបក្ស នយោបាយអាមេរិកទាំងពីរ គឺបក្សប្រជាធិបតេយ្យនិងបក្សសាធារណរដ្ឋ ដើម្បីស្វែងរកការឯកភាពគ្នា ដោយលោកនឹងត្រូវជួបថ្នាក់ដឹកនាំសភានៃគណបក្សទាំងពីរ នៅឯសេតវិមាននៅថ្ងៃទី១២ ខែឧសភា ខាងមុខនេះ។
អ្វីដែលគេចាប់អារម្មណ៍បំផុតក្នុងពេលថ្លែងសុន្ទរកថា គឺបុគ្គលដែលមានឥទ្ធិពលពីររូបនៅពីក្រោយប្រធានាធិបតីបៃឌិន គឺជាស្ត្រីដែលប្រធានាធិបតីមុនៗមកមិនដែលមានឡើយ ។ ស្ត្រីមានឥទ្ធិពលនៅពីក្រោយរូបភាព គឺប្រធានរដ្ឋសភា លោកស្រី Nacy Pelosi និងអនុប្រធានាធិបតីអាមេរិក លោកស្រី ហារីស៕
ដោយ ៖ ធីរីណា(រូបភាព៖ VOV)