ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នៅយប់ថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ និងកម្មករ កម្មការនី ដែលមានជីវភាពខ្វះខាត ចំនួន ១៣៨ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ នៅតំបន់ក្រហម នៃតំបន់បិទខ្ទប់ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងឱកាសនេះដែរ លោកអភិបាលរង បានលើកឡើងថា អំណោយទាំងអស់នេះ ជាអំណោយរដ្ឋបាលខណ្ឌមានជ័យ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥ គីឡូ, មី ១កេស និង ត្រីខ កំប៉ុង ១យួរ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ ផងដែរ ។
ជាមួយគ្នានេះ លោក ឌី រ័ត្នខេមរុណ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេស សម្ដេចទាំងទ្វេ គឺបានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលកំពុងសំរាកធ្វើចត្តាឡីស័កតាមផ្ទះ តាមបន្ទប់ ក៏ដូចជាតាមមណ្ឌលផ្សេងៗ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋ ទាំងអស់ កុំមានការព្រួយបារម្ភ សម្តេចតេជោ ដាច់ខាត មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់អាហារនោះទេ ។
ទន្ទឹមនឹងនេះ លោក អភិបាលរង សូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័ក បន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័កអោយបានគ្រប់ចំនួនថ្ងៃ ដែលក្រសួង សុខាភិបាលបានកំណត់ ហើយស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ប្រមុខថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ជាពិសេសសម្តេចតេជោ នៅតែបន្តគិតគូនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពង់ធ្វើចត្តាឡីស័ក ផងដែរ ។
បន្ថែមពី លោក អភិបាលរង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទាំងអស់ ចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ តាមការអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងចូលរួម អនុវត្តនូវសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបានចេញសេចក្ដីសម្រេច បិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រសិនបើគ្មានការចាំបាច់ទេ សុំកុំចេញពីផ្ទះ៕ដោយ៖ស តារា