ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរនិងជំនាញសុខាភិបាលខេត្តក្រចេះចុះបិទហាងគោដុតមួយកន្លែងព្រោះមានអ្នកកើតជំងឺកូវីដ-១៩ទៅទីនោះ

ចែករំលែក៖

ខេត្តក្រចេះ៖ អាជ្ញាធរស្រុកឆ្លូងសហការជាមួយមន្រ្តីសុខាភិបាល ដឹកនាំដោយលោក ធីម ស៊ាងឡេង អភិបាលរងស្រុក នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១បានចុះបិទហាងគោដុតមួយកន្លែងឈ្មោះ  ប៉ោលាងគោដុត បណ្ដោះអាសន្ន ដែលមានទីតាំងនៅភូមិជ្រោយថ្មក្រោមឃុំឆ្លូងស្រុកឆ្លូងខេត្តក្រចេះដោយអ្នកមកហូបគោដុតនៅហាងនេះ ត្រូវធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩។

លោក ធីម ស៊ាងឡេង បានបញ្ជាក់ឲ្យដឹងថា ការចុះបិទហាងនេះបណ្ដោះអាសន្ន ដោយមូលហេតុនៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២១ មានឈ្មោះតាំង វេងម៉េង ភេទប្រុសអាយុ៥១ឆ្នាំមានទីលំភូមិបេុីស២ ឃុំបេុីសស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មំ   បានមកហូបចុកនៅ ហាងប៉ោលាងគោដុតនេះ ហើយនៅថ្ងៃទី៣០ ខែមេសានេះ បុរសរូបនោះត្រូវធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩នៅខេត្តត្បូងឃ្មុំ។

ករណីនេះមន្ត្រីជំនាញសុខាភិបាលបានដាក់ខ្សែហ៊ុំព័ទ្ធមិនឲ្យមនុស្សចេញ-ចូលដាក់កម្លាំងយាមច្បាស់លាស់ ហើយបាននាំអ្នកពាក់ពន្ធ័ចំនួន៤នាក់ ស្រី២នាក់មកយកសំណាកពិនិត្យនៅមន្ទីរពេទ្យបង្អែកឆ្លូង។

បច្ចុប្បន្នអ្នកទាំង ៤នាក់កំពុងធ្វើចត្ដាឡីស័កនៅមន្ទីរពេទ្យបង្អែកឆ្លូង ដោយអនុវត្ដតាមវិធានការរបស់ក្រសួងសុខាភិបាល ៕

ដោយ៖ សូរិយា


ចែករំលែក៖