ខេត្តស្ទឹងត្រែង៖ កម្លាំងនគបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដឹកនាំដោយលោក វ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឃាត់ខ្លួនក្រុមក្មេងទំនើងបាន៤នាក់បន្ទាប់ពីក្មេងទាំងនេះប្រើដាវគប់ទៅលើជនរងគ្រោះជាប់កណ្ដាលឆ្អឹងខ្នងរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោក វ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌបានបញ្ជាក់ថា: ជនរងគ្រោះឈ្មោះ គង់ ប៊ុននី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បច្ចុប្បន្នរស់នៅក្នុងបន្ទុកជាមួយឪពុកម្ដាយនៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនសង្ស័យនិងបក្ខពួកមានគ្នា៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពគប់ជនរងគ្រោះ១ដាវរួចមក។ នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រឹតស្រាល នៃស្នងការដ្ឋាននគបាលខេត្តបានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនដៃដល់ បាន៣នាក់ក្រោយពីធ្វើសកម្មភាពរួច។ បន្ទាប់មកសមត្ថកិច្ចបានបើកការស្រាវជ្រាវបន្តរកបក្សពួកបន្ថែម ទើបឈានទៅដល់ឃាត់ខ្លួនជនសង្ស័យនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានម្នាក់ទៀតសរុបទាំងអស់៤នាក់។
លោកស្នងការរងបានបន្តថា ជនសង្ស័យម្នាក់ក្រោយនោះមានឈ្មោះ ហុន ម៉េងណាង ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ មានទីលំនៅបច្ចុប្បន្ននៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និង បក្ខពួក៣នាក់ផ្សេងទៀត ទី១-ឈ្មោះ អាង តុលា ភេទប្រុស អាយុ១៨ឆ្នាំ , ទី២ -ឈ្មោះគង់ ចន្ថា (ហៅ ឈីត ) ភេទប្រុស អាយុ ២៥ឆ្នាំ និងទី៣-ឈ្មោះ ហ៊ន ប៊ុនថន (ហៅ ធី ប៊ុនធឿន) ភេទប្រុស អាយុ ២៣ឆ្នាំ ឃាត់ខ្លួនបាននៅស្រុកឆ្លូង ខេត្តក្រចេះ ។
លោកស្នងការរងបញ្ចាក់ទៀតថា ករណីខាងលើនេះ បើតាមការឆ្លើយសារភាពរបស់ជនដៃដល់និយាយថា: នៅក្នុងអំឡុងខែមីនាកន្លងមក ក្រុមជនសង្ស័យ និងក្រុមជនរងគ្រោះបានឆាតតាមហ្វេសប៊ុក ឌឺដងដាក់គ្នា បង្កឲ្យមានគំនុំទើបនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យនិងបក្ខពួកបាននាំគ្នាជិះម៉ូតូ ២គ្រឿងរួមទាំងយកដាវមករករឿងជនរងគ្រោះដែលនិយាយឌឺដង រហូតបង្កជាជម្លោះ។ ដោយឃើញជនរងគ្រោះនិងគ្នីគ្នា ៣នាក់កំពុងនៅលើម៉ូតូឈប់ទិញទឹកក្រឡុកភ្លេចខ្លួន បក្ខពួកជនសង្ស័យម្នាក់បានចូលទៅរករឿងហើយយកដាវកាប់ជនរងគ្រោះម្នាក់អង្គុយខាងក្រោយ តែមិនត្រូវព្រោះក្រឡេកឃើញទាន់បានរត់គេចផុត ចំណែកជនរងគ្រោះម្នាក់ដែលអង្គុយចំកណ្ដាលលើម៉ូតូភ្លេចខ្លួនមិនដឹងរឿង ត្រូវជនសង្ស័យគប់មួយដាវជាប់នឹងឆ្អឹងខ្នងរបួសធ្ងន់។
លោកបន្តថា ក្រោយកើតហេតុត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ។ ចំណែកជនសង្ស័យនិងបក្ខពួកបាននាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត ហើយសមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវភ្លាមៗ ដឹងថាជនសង្ស័យ និងបក្ខពួកបានគេចខ្លួនទៅកាន់ស្រុកឆ្លូង ខេត្តក្រចេះ ទើបសមត្ថកិច្ចខេត្តស្ទឹងត្រែង និង សមត្ថកិច្ចខេត្តក្រចេះសហការគ្នាឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាងដាវមួយដើម សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ មាស សុផាត