ខេត្តស្ទឹងត្រែង៖ ខេត្តស្ទឹងត្រែង គឺជាខេត្តមួយ ដែលមានដងទន្លេចំនួន៤ គឺទន្លេមេគង្គ, សេកុង, សេសាន និងស្រែពក ជារៀងរាល់ឆ្នាំ ពេលរដូវវស្សា ចាប់ផ្ដើមមកដល់ភ្លៀងក៏ធ្លាក់ ទឹកទន្លេក៏ចាប់ផ្ដើមជន់ឡើងតិចៗ។ ជាមួយគ្នានោះ ត្រីគ្រប់ប្រភេទ ដែលរស់នៅក្នុងទឹកទន្លេ នារដូវប្រាំង អន្លង់ជ្រៅៗព្រៃលិច ទឹក កោះថ្ម នៅភូមិសាស្ត្រតាមដងទន្លេមេគង្គ ជាប់ព្រំប្រទល់ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ជាមួយស្រុកសំបូរ ខេត្តក្រចេះ។ នេះបើយោងតាមលិខិតរដ្ឋបាលរបស់ខេត្តស្ទឹងត្រែង បានប្រកាសជូនដំណឹងដល់ប្រជានេសាទទាំងអស់ឲ្យបានជ្រាប កាលពីពេលថ្មីៗនេះ។
ដោយឡែកពពួកត្រីធម្មជាតិទាំងនេះ បានចាប់ផ្ដើមបម្លាស់ទី ពីដងទន្លេមេគង្គ ស្ទឹងត្រែង-ក្រចេះ ទៅរកកន្លែងបន្តពូជ ពងកូន នៅផ្នែកខាងលើ នៃដងទន្លេ ក្នុងខេត្តស្ទឹងត្រែង។
ចំណែករដូវត្រីបម្លាស់ទីនៅទន្លេមេគង្គ ក៏ត្រូវបានប្រជាពលរដ្ឋចាប់ផ្ដើមនេសាទត្រីដោយប្រើមងក្រឡាបណ្ដែតតាមទឹកក្នុងភូមិសាស្ត្រចំណុចប្រសព្វគ្នារវាងក្រុងស្ទឹងត្រែង និងស្រុកថាឡាបរិវ៉ាត់ដោយតំបន់នោះ គឺជាចំណុចប្រសព្វគ្នាររវាងទន្លេមេគង្គនិងសេកុង។ ជាក់ស្ដែងនៅដើមរដូវវស្សា ត្រីចំរុះបានឆ្លងកាត់តំបន់នោះ ពីក្រោមឡើង ទៅផ្នែកខាងលើ ដើម្បីបន្តពូជ ពងកូន នៅតាមព្រៃលិចទឹក កោះថ្ម អន្លង់ជ្រៅ អូរ ថ្លុក ត្រពាំងជាដើម។
ខណៈពេលត្រីពងពេញពោះ កំពុងបម្លាស់ទី ឆ្លងកាត់ចំណុចប្រសព្វ នៃទន្លេមេគង្គ និងសេកុង អ្នកនេសាទនៅខេត្តស្ទឹងត្រែង ដាក់មងបណ្ដែតទូក រាប់សិប ដើម្បីចាប់ត្រី យកទៅធ្វើប្រហុក ផ្អក និងលក់បន្ត ចេញទៅក្រៅខេត្ត លើសពីតម្រូវការនាំឱ្យមាន ហានិភ័យ។ ហេីយរដូវត្រីពង ចាប់ផ្ដើមបម្លាស់ទី អ្នកនេសាទ ចាប់ផ្ដើមដាក់មង យកមកធ្វើម្ហូប និងលក់បន្ត លើសពីតម្រូវការ អាចនាំឲ្យផលត្រី កាន់តែថយចុះ ជារៀងរាល់ឆ្នាំ។
ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តស្ទឹងត្រែង បានស្នើសុំទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកតំបន់ខេត្តស្ទឹងត្រែង បិទនេសាទ ចាប់ពីថ្ងៃទី ១ ខែឧសភា ដល់ថ្ងៃទី ៣០ ខែ កញ្ញា ជារៀងរាល់ឆ្នាំ។ ពោលគឺតំបន់ខេត្តស្ទឹងត្រែង ដល់ពេលវេលា បិទនេសាទមុនទន្លេមេគង្គក្រោម។
ដោយឡែកបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តស្ទឹងត្រែង ឆ្នាំ២០២១នេះ បានដាក់ចេញសេចក្តីប្រកាស ដោយយោងតាម ប្រកាសលេខ ៤៤០ប្រក.កសក ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ដីពីវិធានការការពារត្រីមេពូជ នៅរដូវពងកូនសម្រាប់តំបន់ទន្លេ មេគង្គ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
សូមជម្រាបដែរថា កំឡុងពេលបិទនេសាទនេះ គឺមិនអនុញ្ញាតឱ្យធ្វើការនេសាទ ដោយឧបករណ៍មង គ្រប់ប្រភេទ សំដៅដើម្បីការពារត្រីមេពូជ កំឡុងពេលបង្កកំណើតខ្ពស់នេះ។ ជាមួយគ្នានេះ សូមបងប្អូនមេត្តា បញ្ឈប់ជាបន្ទាន់ នូវការប្រើឧបករណ៍ ឆក់បំពុល និងគ្រឿងផ្ទុះ ដែលជាប្រភេទឧបករណ៍ នាំឲ្យវិនាសអន្តរាយដល់ធនធាន ជលផល និងមច្ឆាជាតិ យ៉ាងធ្ងន់ធ្ងរបំផុត។
គួរបញ្ជាក់ថា ជុំវិញករណីនេះដែរ បេីទោះបីជាក្នុងរដូវបិទនេសាទ ក៏ដោយ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋនៅតែអាចធ្វើការនេសាទបាន ដោយប្រើនូវ ឧបករណ៍នេសាទ ជាលក្ខណៈគ្រួសារ មានដូចជា៖ សៃយ៉ឺន លប សំណាញ់ សន្ទូចផ្លែមួយ អង្រុត ចាន់ តុម ទ្រូ កញ្ច្រែងដងត្រី និងឧបករណ៍មួយចំនួន ទៀត ដែលច្បាប់អនុញ្ញាត សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ប្រចាំថ្ងៃរបស់ពួកគេ៕ដោយ៖សហការី