ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានឧបត្ថម្ភស្បៀងអាហារដែលស្មើនឹងទឹកប្រាក់ ១០០.០០០ ដុល្លារដល់សាលារាជធានីភ្នំពេញដើម្បីយកទៅចែកជូនដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩។
ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីជំងឺកូវីដ-១៩ រាជធានីភ្នំពេញត្រូវបានដាក់ឲ្យសិ្ថតក្នុងស្ថានភាពបិទខ្ទប់កាលពីថ្ងៃទី១៥ ខែមេសា ហើយតំបន់ដែលមានហានិភ័យខ្ពស់ជាច្រើនត្រូវបានកំណត់ជាតំបន់ក្រហម។ ពលរដ្ឋក្នុងតំបន់ក្រហម មិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ប៉ុន្តែអាចលើកលែងចំពោះករណីចាំបាច់បំផុតមួយចំនួន។ ផ្សារមិនរៀបរយទាំងអស់ត្រូវបានបិទដើម្បីជួយទប់ស្កាត់ការកើនឡើងយ៉ាងឆាប់រហ័សនៃករណីជំងឺកូវីដ-១៩ ផងដែរ។
គ្រួសារនីមួយៗ ទទួលបានអង្ករ ២៥ គីឡូក្រាម មី ៣០ កញ្ចប់ ត្រីខ ១០ កំប៉ុង ទឹកត្រី ៦ ដប និងទឹកស៊ីអ៊ីវ ៦ ដប។ ស្បៀងអាហារដែលត្រូវបានឧបត្ថម្ភ នឹងអាចផ្គត់ផ្គង់ ៣.៥០០ គ្រួសារនៅតំបន់ដែលរងផលប៉ះពាល់ខ្លាំង។
ពិធីប្រគល់ និងទទួលស្បៀងអាហារនេះ ត្រូវបានធ្វើឡើងនៅថ្ងៃនេះក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងលោក សេង វណ្ណៈ នាយករដ្ឋបាលនៃសាលារាជធានីភ្នំពេញព្រមទាំងវត្តមានរបស់លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Cherchi Chen នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការ លោក Mike Ngai នាយកប្រតិបត្តិផ្នែកប្រតិបត្តិការ និងទីផ្សារ និងលោក Sean Tan នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ។
លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានឲ្យដឹងថា “ណាហ្គាវើលដ៍បេះដូងសប្បុរស ប្តេជ្ញាចិត្តពេញទំហឹងដើម្បីជួយដល់សហគមន៍។ វាជាទំនួលខុសត្រូវរបស់យើងដែលត្រូវជួយដល់សហគមន៍នៅពេលពួកគេត្រូវការជំនួយ។ ការកើនឡើងនៃករណីឆ្លងនាពេលបច្ចុប្បន្ន ទាមទារជាចាំបាច់ឲ្យមានការបិទខ្ទប់ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ យើងនឹងធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីជួយសហគមន៍នៅកន្លែងដែលយើងអាចជួយបាន”។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានមានប្រសាសន៍ថា “ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា Tan Sri Dr. CHEN LIP KEONG ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានឧបត្ថម្ភអង្ករ ចំនួន ៨៧.៥០០ គីឡូក្រាម ត្រីខ ចំនួន ៣៥.០០០ កំប៉ុង មី ១០៥.០០០ កញ្ចប់ ទឹកត្រី ២១.០០០ ដប និងទឹកស៊ីអ៊ីវ ចំនួន ២១.០០០ ដប ជូនរដ្ឋបាលរាជធានីភ្នំពេញដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះស្តែងឲ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រឡាញ់ចំពោះជនរួមជាតិ ដោយឈរលើ បុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះគ្រោះភ័យនៃការរាតត្បាតពីមេរោគកូវីដ-១៩”។
ដោយមានការជួយពីមន្ត្រីសាលាក្រុង កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ស្បៀងអាហារទាំងនេះ នឹងត្រូវយកទៅចែកជូនឲ្យបានលឿនបំផុតដល់គ្រួសារដែលកំពុងត្រូវការជំនួយបំផុតនៅក្នុងតំបន់បិទខ្ទប់។
គួររំឭកផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើការឧបត្ថម្ភជាច្រើនផងដែរដល់ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងសាលារាជធានីភ្នំពេញ ដែលរួមមាន ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ធ្វើតេស្តរកមេរោគ និងបរិក្ខារបង្ការ ដូចជា ម៉ាស់មុខ ជែលលាងដៃ និងឧបករណ៍វាស់កម្តៅដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ការឧបត្ថម្ភសរុបដល់សាលារាជធានីភ្នំពេញកន្លងមក មានចំនួនប្រមាណ ២១៨.០០០ ដុល្លារ៕ដោយ៖ស តារា