ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារចាញ់ល្បែងខ្ចីម៉ូតូគេយកទៅបញ្ចាំទីបំផុតត្រូវជាប់ខ្នោះសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ​ម្នាក់​ដោយសារចាញ់ល្បែងអស់លុយពីខ្លួន បានប្រើល្បិចខ្ចីម៉ូតូគេយកទៅបញ្ចាំ លុះ២ថ្ងៃក្រោយមក ក៏ត្រូវសមត្ថកិច្ចស្រុកមុខកំពូលចាប់ឃាត់ខ្លួនតែម្ដង។

ករណី​ រំលោភលើទំនុកចិត្ត​នេះកើតឡើងនៅ ថ្ងៃទី២៩ ខែមេសាឆ្នាំ២០២១  វេលាម៉ោង១៥និង០០នាទីរសៀល ចំណុចផ្ទះរបស់ឈ្មោះ ហេង លីវ័រ ភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

    មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង លីណែត ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិវត្តចាស់ ឃុំ ព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

ចំណែកជនសង្ស័យឈ្មោះ ជួន ថុនា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងក្រឡឹង មានទីលំនៅភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។ វត្ថុតាងចាប់យកមាន៖ ម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់វី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1CA-1943 ចំនួន០១គ្រឿង (ជារបស់ជនរងគ្រោះ)។

    ប្រភព​ដដែលបន្តថា កន្លងមកជនសង្ស័យខាងលើតែងតែមកផឹកកាហ្វេនិងហូបបាយនៅផ្ទះកើតហេតុ ជារៀងរាល់ថ្ងៃ។

លុះដល់ថ្ងៃទី២៩ ខែមេសា​ ឆ្នាំ២០២១ វេលាម៉ោង១២និង០០នាទីជនសង្ស័យ បានចេញពីផ្ទះគោលបំណងទៅផ្ទះលក់កាហ្វេ របស់ឈ្មោះ ហេង លីវ័រ ដើម្បីទៅល្បែងស៉ីសង(បញ្ជល់មាន់)តាមអនឡាញ ក្នុងពេលទៅដល់ជនសង្ស័យក៏បានដាក់លុយភ្នាល់ជាមួយគេ រហូតដល់ម៉ោង១៥និង០០នាទីរសៀល ជនសង្ស័យក៏បានភ្នាល់លុយចាញ់គេអស់ ហើយជនសង្ស័យ បានយកកាតគ្រីម៉ូតូ គុបជ្រុង របស់ខ្លួនទៅដាក់បញ្ជាំឲ្យបងប្រុសម្ចាស់ផ្ទះ ១០ម៉ឺនរៀល ហើយជនសង្ស័យក៏យកប្រាក់នោះ ទៅចាក់ភ្នាល់បន្តទៀតរហូត ចាញ់អស់  ពេលនោះជនសង្ស័យក៏ បានប្រើល្បិចខ្ចីម៉ូតូ របស់ជនរងគ្រោះខាងលើដោយប្រាប់ថា ទៅយកលុយមកសង ថ្លៃបញ្ចាំកាតគ្រីម៉ូតូ ពេលនោះជនរងគ្រោះក៏ឱ្យម៉ូតូទៅជនសង្ស័យ ក្រោយពីយកម៉ូតូរបស់ជនរងគ្រោះ ជនសង្ស័យយកម៉ូតូនោះ ទៅទុកនៅស្រះត្រី របស់ឈ្មោះ វ៉ា នៅភូមិពាម ឃុំរកាកោងទី១។

លុះព្រឹកឡើងថ្ងៃទី៣០ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី ជនសង្ស័យ បានជិះម៉ូតូ ខាងលើទៅដើរដាក់បញ្ចាំ ពីកន្លែងមួយទៅកន្លែងមួយគ្មានអ្នកទទួល លុះជិះទៅដល់កន្លែងជួសជុលម៉ូតូមួយកន្លែងរបស់ឈ្មោះ ស៉ិន ណៃ នៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ជនសង្ស័យ បានបញ្ចាំម៉ូតូ ឱ្យឈ្មោះសុិន ណៃចំនួន២០០ដុល្លារ  ដោយប្រាប់ថា៖ ខ្លួនមានធុរៈ បងប្អូនមានគ្រោះថ្នាក់ចរាចរណ៍។ បន្ទាប់មកជនសង្ស័យ បានជិះម៉ូតូឌុបទៅលេងឆ្នោតឡូតូតាមអនឡាញ នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ រហូតដល់វេលាម៉ោង១៣និង៣០នាទី ទើបត្រឡប់ទៅកន្លែង ស្រះត្រីវិញ ដើម្បីសម្ងំលាក់ខ្លួននៅទីនោះ ។ លុះនៅថ្ងៃទី៣០មេសា២០២១ វេលាម៉ោង១០និង៣០នាទីព្រឹក ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង បន្ទាប់ពីទទួលពាក្យបណ្តឹងរួចមកជំនាញមន្ត្រី និងប៉ុស្តិ៍បានស្រាវជ្រាវ ស្វែងរកជនសង្ស័យ រហូតដល់ម៉ោង២២និង០០នាទីយប់ថ្ងៃដដែល ទើបឃើញ ជនសង្ស័យនៅចំណុច ស្រះត្រីខាងលើនាំខ្លួនមកអធិការរដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីធ្វើការសាកសួរ។

    នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ហេង លីណែត ទៅដាក់បញ្ចាំឱ្យឈ្មោះ ស៉ិន ណៃ នៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ពិតប្រាកដមែន ។ បន្ទាប់មកកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍ ក៏បាននាំជនសង្ស័យទៅដល់កន្លែងបញ្ចាំម៉ូតូ ហើយបានធ្វើការដកហូតម៉ូតូខាងលើ យកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុក។ ចំពោះជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។

    ករណីនេះកម្លាំងជំនាញនិងប៉ុស្តិ៍កំពុងកសាងសុំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖