ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០១ខែឧសភា ឆ្នាំ២០២១ បានធ្វើដំណើរល្បាតតាមរថយន្តនៅក្នុងមូលដ្ឋានមួយចំនួនក្នុងរាជធានីភ្នំពេញ ពិសេសនៅតំបន់បិទខ្ទប់ពណ៌លឿងទុំ និងតំបន់ក្រហម ។
ការចុះល្បាតខាងលើនេះធ្វើឡើងនៅតាមផ្លូវតូចធំនានា ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌទួលគោក ក្នុងគោលបំណងតាមដាន ត្រួតពិនិត្យទីតាំងបិទខ្ទប់នៅតាមមូលដ្ឋានទាំងនោះ ដើម្បីចង់ដឹងថា តើអាជ្ញាធរខណ្ឌ ក៏ដូចជាកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធដែលដាក់នៅតាមគោលដៅទាំងនោះ បានបំពេញការងារតាមការណែនាំរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្នុងកម្រិតណា ហើយកម្លាំងដែលបានណែ នាំឱ្យធ្វើការល្បាតក្នុងមូលដ្ឋានបិទខ្ទប់នោះ អនុវត្តបានក្នុងកម្រិតណាដែរ លើវិធានការបិទខ្ទប់ដើម្បីបង្ការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩នេះ។
សូមបញ្ជាក់ថា ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នៅសាលារាជធានីភ្នំពេញ ស្តីពីវិធានការផ្សេងៗ ចំពោះតំបន់ពណ៌លឿង លឿងទុំ និងតំបន់ក្រហម ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ កាលពីចុងខែមេសានេះ លោក ឃួង ស្រេង បានបញ្ជាក់ហើយថា តំបន់ក្រហមគឺជាតំបន់ដែលអាជ្ញាធររាជធានីភ្នំពេញធ្វើការបិទខ្ទប់១០០ភាគរយ ហើយតំបន់រឿងទុំក៏ជាតំបន់មួយដែលអាជ្ញាធររាជធានីភ្នំពេញ ត្រូវបិទខ្ទប់យ៉ាងម៉ឺងម៉ាត់ផងដែរ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ។ ការងារនេះ លោកអភិបាលបានជំរុញឱ្យអាជ្ញាធរខណ្ឌនិងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវតែអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីកាត់ផ្តាច់ឱ្យបានការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕
ដោយ៖ សំរិត