ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកដ្ឋាន​គយ​៖ សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​ការ​នាំ​ចូល និង​ព្យួរ​ការ​បំពេញបែបបទ​បញ្ចេញ​​ទំនិញ​ ចំពោះសាច់​បង្កក និង​មុខទំនិញ​បង្កក ដែល​អាច​មាន​ហានិភ័យ​ មកពី​ប្រទេស​ឥណ្ឌា

ចែករំលែក៖

ភ្នំពេញ៖ បេីយោង​តាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២១​នេះ​ បាន​ប្រកាសថា បាន​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​ការ​នាំ​ចូល និង​ព្យួរ​ការ​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ ចំពោះ​សាច់​បង្កក និង​មុខទំនិញ​បង្កក ដែល​អាច​មាន​ហានិភ័យ​ផ្សេង​ទៀត មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា ។

ជាក់ស្ដែង​នៅក្នុង​សេចក្ដីប្រកាស​របស់អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ធ្វើការ​ណែនាំ​ឲ្យ​អនុវត្ត​ជា​បណ្តោះអាសន្ន​លើ​ការ​នាំ​ចូល​សាច់​បង្កក និង​មុខទំនិញ​បង្កក ដែល​មាន​ហានិភ័យ​ផ្សេង​ទៀត​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា ដូច​ខាងក្រោម ៖

ផ្អាក​ការ​នាំ​ចូល​ជា​បណ្តោះអាសន្ន​នូវ​មុខទំនិញ​ទាំងនេះ ព្យួរ​ការ​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​ចំពោះ​ប្រភេទ​ទំនិញ​ទាំងនោះ ដែល​បាន​មក​ដល់ទី​លាន​គយ ឬ​សន្និធិ​តយ​នានា​រួច​ហើយ
ផ្តល់​កិច្ចសហការ​ជាមួយ​គណៈកម្មការ​ចំពោះ​កិច្ច​ក្នុង​ការ​ស្រាវជ្រាវ និង​ធ្វើតេស្ត​រក​វីរុស​ផ្សេង​ៗ ជា​ពិសេស វីរុស​កូ​វី​ដ​១៩ ព្រមទាំង​ចូលរួម​អនុវត្ត​វិធានការ ឬ​សេចក្តីសម្រេច​នានា​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ពាក់ព័ន្ធ​នឹង​មុខទំនិញ​ទាំងនោះ
ត្រូវ​ចាត់វិធានការ​អនាម័យ (​ដូច​ជា​ការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជាដើម​) លើ​មធ្យោបាយ​ផ្ទុក និង​សំបក​វិច​ខ្ចប់​មុខទំនិញ​ផ្សេង​ទៀត (​ក្រៅពី​សាច់​បង្កក និង​ទំនិញ​បង្កក​) ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា​ មន្ត្រី​គយ​មាន​សមត្ថកិច្ច​ក្នុង​ការ​ត្រួតពិនិត្យ​ទំនិញ​ទាំងនោះ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​អនាម័យ​ផ្ទាល់ខ្លួន​បន្ថែម ដោយ​ត្រូវ​ពាក់​ម៉ាស់ របាំង​ការពារ​មុខ និង​ស្រោមដៃ ៕ដោយ​៖សហការី​

 


ចែករំលែក៖