ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបន្ដទទួលអំណោយសប្បុរសធម៌ជាទឹកបរិសុទ្ធចំនួន១០០០កេសដើម្បីយកទៅជួយឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩នៅតំបន់បិទខ្ទប់ នៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ នាសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ។
លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន វីរៈប៊ុនថាំ ដែលបានឧបត្ថមទឹកបរិសុទ្ធចំនួន១០០០កេសជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩នៅតំបន់បិទខ្ទប់ ។
តាមរយៈកាយវិការដ៏ល្អប្រពៃប្រកប ដោយមនុស្សធម៌ និងគុណធម៌នេះគឺពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិដោយឈរលើការសាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននិងកំពុង ជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-19)៕
ដោយ៖ សំរិត