ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភសេពសន្ថវ:ទៅលើក្មេងស្រីមិនទាន់គ្រប់អាយុ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានឃាត់ខ្លួនបុរសសង្ស័យម្នាក់ក្នុងករណីរំលោភសេពសន្ថវ:ទៅលើក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់រហូតបានសម្រេចតាមពាក្យបណ្ដឹងរបស់ឪពុកក្មេងស្រីរងគ្រោះ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៤និង២០នាទីល្ងាចនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ស្ថិតនៅភូមិកោះឬស្សី ឃុំទួលស្ដី ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសសង្ស័យមានឈ្មោះ សាង វ៉ាង ហៅ ជូញ  អាយុ ៧០ឆ្នាំ មុខរបរកសិកររស់នៅភូមិកោះឬស្សី ឃុំទួលស្ដី ស្រុកចន្រ្ទា ។

ចំណែកក្មេងស្រីរងគ្រោះមាន អាយុ ១៤ ឆ្នាំរស់នៅស្រុកចន្ទ្រា។

ប្រភពបន្តថាកាលពីវេលាម៉ោង៤និង២០នាទី ល្ងាចថ្ងៃទី១ខែឧសភាឆ្នាំ២០២១ ប្រជាពលរដ្ឋឈ្មោះ អូម ព្រីង ភេទប្រុស បានទូរស័ព្ទប្តឹងទៅលើបុរសសង្ស័យឈ្មោះ សាង វ៉ាង ហៅ ជូញ បានរំលោភសេពសន្ថវ:ទៅលើកូនស្រីរហូតបានសម្រេច។

ក្រោយពីទទួលពាក្យបណ្ដឹងភ្លាមសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំទួលស្ដី បានចុះដល់កន្លែងកើតហេតុហើយសួរនាំបុរសសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភលើក្មេងស្រីពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍កសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកចន្ទ្រាចាត់ការបន្តតាមច្បាប់៕

ដោយ៖ យឹម សុថាន

 


ចែករំលែក៖