ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសារសពក្មេងប្រុសស្រី២នាក់ដែលលង់ទឹកស្លាប់នោះត្រូវបានយកចិត្តទុកដាក់ពីសំណាក់លោកស្រី លាង ហៃ ជាវ តាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត

ចែករំលែក៖

ខេត្តកំពត៖ ព្រឹកថ្ងៃអាទិត្យ៦រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ លោកស្រី លាង ហៃ ជាវ តាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អមដំណើរដោយលោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រាច និងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមរំលែកទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហម ផ្តល់ជូនគ្រួសារសពក្មេងលង់ទឹកស្លាប់២នាក់ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។

នាឱកាសនោះ លោកស្រីបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងចូលរួមសោកស្តាយពីសំណាក់លោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត។

លោកស្រីប្រធានក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ហានិភ័យជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងត្រូវចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទាំងអស់គ្នា។

អំណោយផ្តល់ជូនរួមមាន ៖ អង្ករ៥០គីឡូក្រាម ទឹកសុទ្ធ២កេស ទឹកផ្លែឈើ២កេស ក្រមា២ សំពត់២ និងថវិកាចំនួន ២,០០០,០០០រៀល ក្នុងនោះថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន១,០០០,០០០រៀល សប្បុរសជនខេត្តកំពត ២០០,០០០រៀល និងថវិកាលោក ហួន លីមីង តាមរយៈលោកអភិបាលស្រុកកំពង់ត្រាច ៨០០,០០០រៀល។

ជាមួយគ្នានេះលោកស្រីបានឧបត្ថម្ភថវិកាចំនួន២០០,០០០រៀល  និងថវិការបស់លោកអភិបាលស្រុក២០០,០០០រៀលសម្រាប់ទិញសំណាញ់ហ៊ុំព័ទ្ធជុំវិញអណ្តូងទឹក និងជូនថវិកាបងប្អូនប្រជាពលរដ្ឋចំនួន៦៥នាក់ ក្នុងម្នាក់ៗ១០,០០០រៀល ជូនកងកំលាំងនិងប្រជាការពារ១៥នាក់ ក្នុងម្នាក់ៗ២០,០០០រៀល សរុបថវិកាចំនួន៣,៣៥០,០០០រៀល៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖