ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃគង់នៅវត្តគាស់ក្រឡ ជីកដីដាក់លូប្រទះឃើញគ្រាប់ប្រភេទPKFចំនួន១៨កេសបន្សល់ពីសម័យលន់នល់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ព្រះសង្ឃគង់នៅវត្តបុរាណនិវេសន៍ (ហៅវត្តគាស់ក្រឡ) ស្ថិតក្នុងភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ បានជីកកាយដីដើម្បីដាក់លូធ្វើបង្គន់អនាម័យស្រាប់តែបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះប្រភេទ (PKF) ចំនួន១៨កេស ស្មើនឹងចំនួន ៤៥០០គ្រាប់ (ផលិតនៅប្រទេសឣាមេរិក)កប់ក្នុងដី។ 

ការប្រទះឃើញគ្រាប់រំសេវនៅក្នុងដីនេះកើតឡើងនៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ក្នុងវត្តខាងលើ។

ប្រភពព័ត៌មានពីព្រះសង្ឃគង់នៅវត្តខាងលើបានឲ្យដឹង ក្រោយទទួលដំណឹងនេះភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកបានចុះធ្វើការត្រួតពិនិត្យឃើញថា គ្រាប់ទាំងនោះឣាចកប់ក្នុងសម័យលន់នល់ ហើយខូចគុណភាពប្រហែល៩០%ទៅហើយ។ បច្ចុប្បន្ន សមត្ថកិច្ចបានរាយការណ៍និងប្រគល់ជូនឣង្គភាពស៊ីម៉ាកដើម្បីចាត់ចែងបន្ត។

ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកគាស់ក្រឡ បានថ្លែងអំណរគុណដល់ព្រះសង្ឃគង់ក្នុងវត្តគាស់ក្រឡដែលបានរាយការណ៍ជូនសមត្ថកិច្ចទាន់ពេលវេលា និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬកាំភ្លើងខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ជៀសវាងប៉ះពាល់នាំឲ្យកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖