ឧបនាយករដ្ឋមន្ត្រីវៀតណាម Vu Duc Dam មានប្រសាសន៍ថា ត្រូវតែធ្វើចត្តាឡីស័កយ៉ាងតឹងតែងបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ចូលពីខាងក្រៅ។ សកម្មភាពខាងលើកើតឡើងក្រោយពេលមានករណីឆ្លងកូវីដ-១៩ ទៅលើអ្នកដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក។ទាំងនោះហើយបានធ្វើឲ្យវៀតណាមត្រូវតែប្រុងប្រយ័ត្នខ្ពស់ ទប់ស្កាត់ការឆ្លងឲ្យបានល្អបំផុត។
ក្រសួងសុខាភិបាលវៀតណាម បានសម្រេចបន្ថែមពេលវេលា សម្រាប់អ្នកដែលត្រូវធ្វើចត្តាឡីស័កនៅក្នុងប្រទេសខ្លួន បន្ទាប់ពីមានការលេចឡើងជាថ្មី នូវករណីឆ្លង COVID-19 ក្នុងសហគមន៍។ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា បុគ្គលទាំងឡាយណា ដែលបានបញ្ចប់ការតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃហើយធ្វើតេស្តអវិជ្ជមាន២លើក ក្រោយចូលមកដល់ប្រទេសវៀតណាម គឺនឹងមិនទាន់អនុញ្ញាតឲ្យចេញពីកន្លែងចត្តាឡីស័កភ្លាមៗដូចមុនទៀតឡើយ។ គោលការណ៍ថ្មីនឹងចាប់ផ្តើមអនុវត្តពីថ្ងៃអង្គារនេះទៅ ប៉ុន្តែពុំមានការបញ្ជាក់ច្បាស់លាស់ពី «រយៈពេលដែលត្រូវបន្ថែម» នោះនៅឡើយទេ។
បើតាមក្រសួងសុខាភិបាលវៀតណាម ការសម្រេចបែបនេះ គឺដោយសារការរកឃើញករណីឆ្លងមួយចំនួន ក្រោយពួកគេបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ ហើយធ្វើតេស្តអវិជ្ជមាន២ដងថែមទៀត។ ក្នុងរយៈពេល៦ថ្ងៃចុងក្រោយ មានករណីបែបនេះយ៉ាងហោច៣ករណី ហើយបានរាលដាលចូលដល់សហគមន៍។
ការឆ្លងរាតត្បាត COVID-19 បានផ្ទុះឡើងជាថ្មីនៅវៀតណាម កាលពីថ្ងៃទី២៩ ខេមេសា នៅពេលបុរសវ័យ២៨ឆ្នាំម្នាក់ធ្វើតេស្តវិជ្ជមាននៅខេត្តហា ណាម (Ha Nam) ភាគខាងជើងប្រទេស។ បុរសម្នាក់នោះបានត្រឡប់មកពីជប៉ុន កាលពីថ្ងៃទី០៧ ខែមេសា និងត្រូវបានធ្វើចត្តាឡីស័ក២សប្តាហ៍ នៅទីក្រុងដា ណាង (Da Nang) ភាគកណ្តាល។ ចាប់តាំងពីករណីដំបូងនោះមក ករណីឆ្លងសរុប៣៥ករណីទៀត ត្រូវបានរកឃើញនៅតាមខេត្ត-ក្រុងចំនួន៥ រួមមានទាំងរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញផងដែរ។
គិតត្រឹមថ្ងៃអង្គារនេះ វៀតណាមមានករណីឆ្លង COVID-19 សរុប ២,៩៨៥ករណី ក្នុងនោះមានអ្នកស្លាប់៣៥នាក់ និងជាសះស្បើយវិញ ២,៥៦០នាក់៕ដោយ៖ ធីរីណា
រូបភាព៖ VGP/Đình Nam