ខេត្តកំពង់ធំ៖ នៅយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី ការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១២នាក់ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណៈជនជ្រាបថា យោងតាមលទ្ធផលនៃការ វិភាគសំណាកដែលផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន ១២នាក់ ក្នុងនោះ ១១នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ក្នុងភូមិលាបទ ឃុំកំពង់ចិនត្បូង ស្រុកស្ទោង និង ០១នាក់នៅស្រុកបារាយណ៍ ជាករណីចម្លងមកពីខាងក្រៅខេត្ត ដូចមានរាយនាមខាងក្រោមតាមតារាង។
រដ្ឋបាលសាលាខេត្តកំពង់ធំ បានបញ្ជាក់ថា, កន្លងមក អ្នកជំងឺ ១១នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ភូមិលាបទង ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក នៅមណ្ឌលសាលាបឋមសិក្សាឈើទាល និងបានយកសំណាកបញ្ជួនទៅវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ហើយទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកទាំង ១១នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលវិទ្យាល័យ ជា ស៊ីម ប្រឡាយ។ ចំពោះករណី វិជ្ជមាន ០១នាក់ នៅស្រុកបារាយណ៍ ក្រុមការងារបានស្រាវជ្រាវឃើញថា បុគ្គលនេះ បានជិះម៉ូតូជាមួយប្រពន្ធមកពីខេត្តព្រះសីហនុ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ ពេលមកដល់ខេត្តកំពង់ធំ អ្នកទាំងពីរបានមកមណ្ឌលចត្តាឡីស័កភ្លាមដោយមិនបានទៅកន្លែងណាផ្សេងទេ។ នៅថ្ងៃដដែលនោះ ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័សឃើញវិជ្ជមានឈ្មោះ យឹម គឹ ចំណែកប្រពន្ធអវិជ្ជមាន បន្ទាប់មកក៏បានបញ្ជូនសំណាក ទៅវិភាគបញ្ជាក់នៅវិទ្យាស្ថានប៉ាស្ទ័រ និងទទួលបានលទ្ធផលវិជ្ជមាន ឈ្មោះ យឹម នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។ អ្នកជំងឺកូរីដ១៩ ម្នាក់នេះត្រូវបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ចំណែក ប្រពន្ធត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កបន្តនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន បារាយណ៍។
រដ្ឋបាលខេត្ត នឹងខិតខំបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ភូមិលាបទងផ្សេងទៀតឲ្យបាន ឆាប់បំផុត។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធជាមួយ អ្នកវិជ្ជមានទាំង ១១នាក់ក្នុងព្រឹត្តិការណ៍ភូមិលាបទងសូមរួសរាន់ទៅផ្តល់សំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ នៅសាលាបឋមសិក្សាឈើទាល ក្នុងភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងបន្តអនុវត្តវិធាន សុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ជាពិសេស ចៀសវាងការចេញក្រៅផ្ទះក្នុងករណីមិនចាំបាច់៕
ដោយ៖ សុខ ខេមរា