ភ្នំពេញ៖ អាចជារឿងកម្រសម្រាប់សិល្បករដែលបានចេញនិយាយចំៗអំពីក្រុមនិយមជេរបញ្ចោរហែកហួរគ្នាតាមបណ្តាញសង្គមនានា ដែលនាំឲ្យសីលធម៌សង្គមធ្លាក់ចុះ ដែលក្នុងនេះដែរលោកបានបណ្តាញផ្សព្វផ្សាយឲ្យបញ្ចប់ការយកក្រុមអ្នកលេងសម្តីមិនសមទំនងទាំងនោះមកផ្សព្វផ្សាយបន្តព្រោះជាគំរូមិនល្អដល់ក្មេងៗជំនាន់ក្រោយ។
តារាចម្រៀង និងសម្តែងរូបនេះបានបញ្ជាក់ថា នេះគ្រាន់តែជាការស្នើសុំប៉ុណ្ណោះ ដែលលោកមិនមានឥទ្ធិពលណាមួយទៅលើស្ថាប័នសារព័ត៌មាននោះឡើយ។ ការបង្ហាញសារជាសាធារណៈនេះលោកក៏បានប្រកាន់ជំហរក្នុងការស្វាគមន៍ការវាយបកណាមួយពីក្រុមជំនាញជេបញ្ចោរពីមនុស្សមួយក្រុមតូចនោះដែរ ហើយគោលបំណងគឺលោកចង់លប់បំបាត់ការជេរបញ្ចោរនៅលើបណ្តាញសង្គមតែប៉ុណ្ណោះ។ លោកបានចាត់ទុកក្រុមជេរបញ្ចោរទាំងនោះបានធ្វើឲ្យប៉ះពាល់ទៅដល់សីលធម៌សង្គម ខណៈដែលបច្ចុប្បន្នជាសម័យបច្ចេកវិទ្យាជឿនលឿនដែលសូម្បីតែក្មេងៗតូចៗ ក៏ពួគគាត់មានទូរស័ព្ទដៃ អាយផេតលេង និងលេងបណ្តាញសង្គមទាំងនោះដែរ ដូចនេះពួកគេអាចរៀនតាម គឺដោយសារតែមើលវីដេអូជនមួយចំនួនតូចនេះតែម្តង។ លោកថាក្រុមមួយក្តាប់តូចទាំងនោះមិនបានជួយអ្វីទៅដល់សង្គមក្រៅតែពីការធ្វើឲ្យសីលធម៌សង្គមធ្លាក់ចុះនោះទេ។ ការថ្លែងនេះទទួលបានការសារទរច្រើនពីអ្នកគាំទ្រ ប៉ុន្តែតារារូបនេះក៏អាចប្រឈមនឹងការរិះគន់បកត្រឡប់ពីក្រុមទាំងនោះវិញព្រោះតែគេដឹងថាពួកគេមិនសំច្ចៃមាត់ក្នុងការនិយាយជាសាធារណៈឡើយគឺស្ទើតែគ្រប់រឿងនោះ។ ទោះជាយ៉ាងណាតារារូបនេះលើកឡើងថា លោកត្រៀមខ្លួនជាស្រេចក្នុងការចេញមុខទទួលយកការរិះគន់ពីជនមួយក្រុមតូចនេះផងដែរ។ ទោះជាយ៉ាងណាលោកមិនបានសំដៅចំៗទៅលើឈ្មោះបុគ្គលណាម្នាក់ឡើយ ដែលលោកថាការផ្សព្វផ្សាយពីពួកគាត់នោះទេព្រោះវាគឺជាការលើកទឹកចិត្តទៅកាន់បុគ្គលនោះទៅវិញទេ ហើយពួកគាត់នោះក៏មិនមែនជាបុគ្គលសំខាន់ក្នុងសង្គម ជួយដល់ប្រទេសទេគឺត្រឹមតែជាអ្នកលេងបណ្តាញសង្គមបែបជេបញ្ចោរប៉ុណ្ណោះ។ លោកថាការផ្សព្វផ្សាយក៏នឹងជំរុញឲ្យមានភាពមិនស្មើភាពគ្នាដែលយកបុគ្គលបែបនេះមកផ្សព្វផ្សាយរហូតអ្នកខ្លះក្លាយជាតារាតំណាង ក្លាយជាអ្នកផ្សព្វផ្សាយផលិតផល ខណៈដែលអ្នកសិល្បៈអាជីពបែរជាគ្មានប្រយោជន៍ទៅវិញ។ លោកថាត្រឹមតែជាការជេបញ្ចោរការលេងហ្វេសប៊ុក ឬTik Tok អាចក្លាយជាតារាល្បីនោះទេ គឺត្រូវខិតខំប្រឹងប្រែងជាច្រើនឆ្នាំ ។ ទោះជាយ៉ាងណាកន្លងទៅក៏មានសិល្បករ ផលិតករមួយចំនួនបានព្យាយាមយកក្រុមលេងពាក្យសម្តីបែបជេបញ្ចោរនោះទៅថតជាស្នាដៃសិល្បៈ និងឡើងក្នុងកម្មវិធីទូរទស្សន៍រហូតលេចចេញការរិះគន់ពីទស្សនិកជនផងដែរ។ ជុំវិញបញ្ហានេះលោកបញ្ញសិទ្ធិ បានចោទជាសំណួរទៅវិញថាមិនដឹងជាពួកគាត់គិតអីទេ ទាំងដឹងហើយថាបុគ្គលហ្នឹងពូកែខាងជេរបញ្ចោរហែកហួរគ្នាលើបណ្តាញសង្គម ហើយបើនៅតែយកពួកគាត់ទៅថត យកទៅលើក យកទៅផ្សាយទៀតគឺសិល្បករ និងផលិតករនោះទៅជាមួយគ្នាហើយ។ លោកថាបើត្រឹមតែជាអ្នកពូកែជេបញ្ចោរគ្នា តាមបណ្តាញសង្គមហើយល្បីល្បាញ ហើយចាត់ទុកជាសិល្បករដែរនោះគឺមិនអាចទទួលយកបានទេ ហើយពួកគាត់គួរតែរៀបចំអាកប្បកិរិយា អត្តចរិកឲ្យមានសីលធម៌គួរជាទីយកគំរូតាមទើបអាចមានឈ្មោះជាសិល្បករបាន៕
ដោយ៖ វឌ្ឍនា