ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកំពង់ធំ សម្រេចផ្អាកជា​បណ្តោះ​អាសន្ននូវការធ្វើចរាចរណ៍ក្នុងឃុំកំពង់ចិនត្បូង ឃុំកំពង់ចិនជើង ឃុំចំណារលើ និងឃុំសំព្រោជ នៃស្រុកស្ទោង ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ សម្រេច៖

ប្រការ១..ត្រូវផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងឃុំកំពង់ចិនត្បូង ឃុំកំពង់ចិនជើង ឃុំចំណារលើ និងឃុំសំពោច នៃស្រុកស្ទោង ខេត្តកំពង់ធំ នៅចន្លោះម៉ោង ២០(ម្ភៃ) ដល់ម៉ោង ៣(បី) ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លើកលែងតែករណីដូចខាងក្រោម៖

– ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារ ដែលមានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត
– ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គីភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដើម្បីបំពេញបេសកកម្មជូនស្ថាប័ន/អង្គភាព
– ការធ្វើចរាចរណ៍របស់រថយន្តដឹកទំនិញ រថយន្តសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញ រថយន្តដឹកសម្រាម សំណល់រឹង និងសំណល់វេជ្ជសាស្ត្រ ការដឹកជញ្ជូនម្ហូប អាហាររបស់បុគ្គលិកបម្រើសេវាដឹកជញ្ជូន
– ការធ្វើដំណើររបស់បុគ្គលិក និងកម្មករទៅកន្លែងបំពេញការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន រោងចក្រ ឬទីតាំងអាជីវកម្ម ដែលអនុញ្ញាតឲ្យបើកដំណើរការជាធម្មតា
– ការធ្វើដំណើរចាំបាច់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ប្រការ២..បទបញ្ញត្តិទាំងឡាយណារបស់រដ្ឋបាលខេត្តកំពង់ធំ ដែលផ្ទុយនឹងសេចក្តីសម្រេចនេះត្រូវទុកជានិរាករណ៍។

ប្រការ៣..នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អភិបាល នៃគណៈអភិបាលក្រុង/ស្រុក ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមាន ប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖