ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, លោកបាន រួមជាមួយថ្នាក់ដឹកនាំផ្នែកក្រៅប្រទេស នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានពាំនាំនូវអំណោយពីសប្បុរសជន ប្រគល់ជូន លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
អំណោយទាំងនេះ ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងក្រីក្រនៅតំបន់បិទខ្ទប់ រួមមាន អង្ករចំនួន ៣១តោន និងមីជាតិចំនួន ៣,៦៨០កេស សរុបជាទឹកប្រាក់ចំនួន ២៨,៩៨០ដុល្លារ។ (ក្នុងនោះសប្បុរសជនជាសមាជិកក្រុមការងារផ្នែកក្រៅប្រទេស នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលរួមមាន អង្ករចំនួន ៨តោន និងមីជាតិចំនួន ១,០០០កេស គិតជាទឹកប្រាក់ចំនួន ៧,៦៨០ដុល្លារ និង សប្បុរសជនសមាជិកក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ព្រមទាំងប្រជាពលរដ្ឋកំពុងរស់នៅលើទឹកដីប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលរួមមាន អង្ករចំនួន ២៣តោន និងមីជាតិចំនួន ២,៦៨០កេស គិតជាទឹកប្រាក់ចំនួន ២១,៣០០ដុល្លារ) នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ! ៕
ដោយ ៖ សិលា