ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ និងមានជីវភាពខ្វះខាត ទីទ័លក្រចំនួន ៧១គ្រួសារ ស្ថិតនៅភូមិហ្គាទី ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
លោក ស្វាយ សំអ៊ាង បានសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុខ្យល់កន្ត្រាក់នេះ ដែលបានបក់បោក ធ្វើឲ្យរលំផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនខ្នង និងបាត់បង់ទ្រព្យសម្បត្តិមួយចំនួន ហើយសូមកុំអស់សង្ឃឹម ត្រូវខិតខំប្រកបរបររកស៊ីចិញ្ចឹមជីវិត ដើម្បីស្ដារជីវភាពគ្រួសារឡើងវិញ។
លើសពីនេះ លោកប្រធានក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ចំពោះសុខភាព ដោយការលាងសម្អាតដៃឱ្យបានជាប្រចាំ ហាត់ប្រាណឲ្យបានទៀងទាត់ សម្អាតបរិស្ថានជុំវិញផ្ទះ ការពារកុំឲ្យឆ្លងមេរោគផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ត្រូវរស់នៅធម្មតា តាមបែបគន្លងថ្មី និងវិធាន ៣កុំ ៣ការពារ និង ២ចូលរួម ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលដូចតទៅ។
ក្រៅពីការចុះសួរសុខទុក្ខ និងចូលរួមសោកស្ដាយ ដល់ក្រុមគ្រួសាររងគ្រោះដោយឧបទ្ទវហេតុខ្យល់កន្ត្រាក់ទាំងអស់ សាខា បាននាំយកនូវសម្ភារមួយចំនួនដែលរួមមាន៖ អង្ករ ២៥គីឡូក្រាម, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ ,មី ១កេស, ភួយ១ ,ក្រមា១, ម៉ាស់៥,សាប៊ូលាងដៃចំនួន ២ដុំ និងថវិកា ២០,០០០រៀល។
ដោយឡែកសម្រាប់ក្រុមគ្រួសាររងគ្រោះធ្ងន់ទទួលបាននូវតង់១ ទឹកត្រី ១យួរបន្ថែម ថវិកាចំនួន ៤០០,០០០រៀល និងក្រុមគ្រួសាររងគ្រោះមធ្យមទទួលបាន ទឹកត្រី ចំនួន៤ដប ព្រមទាំងថវិកាចំនួន ១៥០,០០០រៀលផងដែរ៕
ដោយ៖ សូរិយា