ភ្នំពេញ៖ តាមរយៈការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ម្ចាស់ផ្ទះជួលទាំងអស់ នឹងមានការយោគយល់ បញ្ចុះថ្លៃឈ្នួលផ្ទះជូនបងប្អូន កម្មករ កម្មការិនី ហើយស្ថានភាពនេះ មិនមែននៅទីក្រុងភ្នំពេញទេ បើអាចធ្វើបានសូមធ្វើគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសរបស់យើង ពិសេសតំបន់ដែលមានការបិទខ្ទប់ ដែលកម្មករ កម្មការិនី មិនទាន់បើកប្រាក់ខែ ។
តាមរយៈសារសំឡេងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ថ្លែងថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២១ បានថ្លែងថា, សម្រាប់ថ្លៃទឹក ថ្លៃភ្លើង សម្តេចតេជោ ហ៊ុន សែន ក៏សូមឲ្យ អាជ្ញាធរអគ្គិសនី ក្រុមហ៊ុនអគ្គិសនីកម្ពុជា ក៏ដូចជារដ្ឋាករទឹកទីក្រុងភ្នំពេញ ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួល របស់កម្មករ កម្មការិនី ជាមុន ដោយត្រូវរកវិធីដោះស្រាយណាមួយដើម្បីឲ្យកម្មករ កម្មការិនី ដែលរស់នៅតាមផ្ទះជួល បានទទួលនូវការអនុគ្រោះ ក្នុងការយកថ្លៃទឹក ភ្លើង ដែលជារួមចំណែកជាមួយម្ចាស់ផ្ទះជួល ដើម្បីដោះស្រាយបញ្ហារួមរបស់កម្មករ កម្មការិនី។
សម្តេចក្រើនរំលឹកជានិច្ច ! សូមបងប្អូនអនុវត្តបម្រាមរាជរដ្ឋាភិបាលអោយបានម៉ឹងម៉ាត់ជាទីបំផុតដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកាចសាហាវកូវីដ-១៩។ សូមការពារខ្លួនកុំអោយឆ្លងជំងឺកូវីដ-១៩ កុំចេញពីផ្ទះ អនុវត្តវិធានសុខាភិបាល ៣កុំ ៣ការពារ ជាប្រចាំ៕
ដោយ ៖ សិលា