ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់បណ្តាក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងអស់ត្រូវធ្វើផ្លូវព័ទ្ធជុំវិញដីឲ្យបានច្បាស់លាស់ ចៀសវាងមានការកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក ស៊ន សារុន នាយករដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពរបស់ក្រុមហ៊ុនផេសុីហ្វិកយ៉ញស្តុក​ ខមភេនី​ លីមីធីត ស្ថិតនៅក្នុងភូមិរវាក់ ឃុំរយ៉​ ស្រុកកោះញែ​ក ខេត្តមណ្ឌលគិរី។

  ក្នុងការចុះពិនិត្យនោះដែរ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនផេសុីហ្វិចយ៉ញស្តុកខមភេនី​ លីមីធីត​ ស្តីពីវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានណែនាំឲ្យក្រុមហ៊ុនត្រូវធ្វើរបង ឬធ្វើផ្លូវព័ទ្ធជុំវិញដីសម្បទានសេដ្ឋកិច្ចដែលបានវិនិយោគ ឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងមានការចូលកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិពីបុគ្គលមួយចំនួន ហើយជាពិសេសក៏សូមឲ្យក្រុមហ៊ុននីមួយៗត្រូវគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល។ បន្ថែមលើនេះទៀត លោកអភិបាលខេត្តក៏បានណែនាំដល់សមត្ថកិច្ច និងអាជាធរដែនដីត្រូវសហការគ្នាធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព។

  នាឱកាសនោះ លោកអភិបាលខេត្តរួមទាំងក្រុមការងារ បានចុះពិនិត្យកន្លែងសាងសង់ប៉ាឆា(ឈាបនដ្ឋាន)​ សម្រាប់បូជាសពអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលបានសាងសង់រួចជាស្ថាពរ ស្ថិតនៅក្នុងភូមិពូលុង សង្កាត់ រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕

ដោយ៖ សូរិយា


ចែករំលែក៖