ខេត្តកំពង់ស្ពឺ៖ បាតុភូតធម្មជាតិផ្លៀងផ្គរបានបណ្តាលឲ្យបុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់នៅក្នុងខ្យូសស្បូវចាំដីឡូតិ៍មួយកន្លែងកាលពីម៉ោង៦ល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលា នៅចំណុចដីឡូតិ៍ចាក់ដីថ្មីតាមផ្លូវ៤៤ ចន្លោះគីឡូម៉ែត្រ៥២-៥៣ ភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកឱរ៉ាល់បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ បាន សំពុត្តសី ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាកម្មករចាំដីឲ្យឈ្មោះ ធី ជាមន្រ្តីកងរាជអាវុធហត្ថរស់នៅភ្នំពេញ។
នៅមុនពេលកើតហេតុ គ្រាដែលមេឃងងឹតបម្រុងធ្លាក់ភ្លៀងជនរងគ្រោះបានរត់ទៅជ្រកក្នុងខ្យូសស្បូវក្នុងដីឡូតិ៍ត្រង់ចំណុចខាងលើ ស្រាប់តែមានរន្ទះបាញ់កក្រើកក្នុងភូមិធ្វើឲ្យជនរងគ្រោះម្នាក់នេះដួលស្លាប់ក្បែរខ្យូសស្បូវនេះតែម្តង។
ក្រោយកើតហេតុទើបអ្នកភូមិភ្ញាក់ផ្អើលរាយការណ៍ទៅសមត្ថកិច្ចជំនាញចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យដោយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយរន្ទះបាញ់ប្រាកដមែន។
លុះពិនិត្យរួចក៏បានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ប្រាថ្នា