ព័ត៌មានទាន់ហេតុការណ៍៖

វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូសទៀត បានមកដល់កម្ពុជាហើយ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១នេះវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូស
បន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ។

វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា។

វ៉ាក់សាំងកូវីដ១៩ ជាផ្នែកដ៏សំខាន់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់ប្រជាពលរដ្ឋពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

សូមបញ្ជាក់ថា កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៤លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាម(Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ទិញពីចិន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា( AstraZeneca ) ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក(WHO)។ កម្ពុជា នឹងស្វះស្វែងរកវ៉ាក់សាំង កូវីដ១៩ជាបន្តបន្ទាប់ទៀត ក្នុងការចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ និងដើម្បីទប់ស្កាត់ការចម្លងរាលដាលដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖