ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់៦៨ យាងចូល៦៩ ព្រះវស្សា

ចែករំលែក៖

ភ្នំពេញ៖ សូមក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត !

ក្នុងឱកាសប្រកបដោយមហានក្ខត្តឬក្សដ៏ឧត្តមថ្លៃថ្លា នៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៦៨ យាងចូល ៦៩ ព្រះវស្សា ទូលព្រះបង្គំ ព្រមទាំងសមាជិក សមាជិកា នៃរដ្ឋសភា សូមលំឱនកាយថ្វាយព្រះពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គ ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ ប្រជារាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ។
ទូលព្រះបង្គំយើង ខ្ញុំ សូមសម្តែងនូវកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះគុណូបការៈប្រកបដោយព្រះ រាជហឫទ័យជ្រះថ្លា និងព្រះរាជសកម្មភាពដ៏ឧត្ដុង្គឧត្តមរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលជាអង្គព្រះ មហាក្សត្រប្រកបដោយទសពិធរាជធម៌ ក្នុងការបំពេញព្រះរាជកិច្ចដ៏មហាធំធេង ដើម្បីបុព្វហេតុជាតិមាតុភូមិ និងកូន ចៅប្រជារាស្ត្រទូទៅ ឆ្ពោះទៅវឌ្ឍនភាព វិបុលភាព ជឿនលឿន ជីវភាពសម្បូរសប្បាយ និងរស់នៅប្រកបដោយសេចក្ដីថ្ល ថ្នូរ កិត្តិយស សុភមង្គល និងរុងរឿងថ្កុំថ្កើងជានិច្ច។

ជាថ្មីម្តងទៀត ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតលើកហត្ថឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោកនិងទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងគុណបុណ្យព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមតាមជួយអភិបាល ថែរក្សា ការពារថ្វាយ ព្រះករុណាថ្លៃវិសេស ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីព្រះអង្គគង់ប្រថាប់នៅក្នុងព្រះសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំ
និងសេចក្តីសុខក្សេមក្សាន្តដល់ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ។
សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវគារវភក្ដី ភាពដ៏ស្មោះស្ម័គ្របំផុត អំពីទូលព្រះបង្គំយើងខ្ញុំ។
សេចក្តីគួរពុំគួរ សូមទ្រង់ព្រះមេត្តាប្រោស៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖