ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់១១នាក់ក្នុងការវាយប្រហារនៅសាលារៀនក្នុងទីក្រុងTatarstan ប្រទេសរុស្ស៊ី

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ១១នាក់ស្លាប់ដែរ ក្នុងអពើបាញ់ប្រហារនៅសាលារៀនស្ថិតក្នុងតំបន់ Kazan នៃរដ្ឋ Tatarstan ស្ថិតនៅក្នុងប្រទេសរុស្ស៊ីនាថ្ងៃទី ១១ខែឧសភា ។
សិស្សនិង គ្រូបង្រៀនត្រូវបានជម្លៀសចេញពីអគារសាលាក្រោយឮសូរស្នូរកាំភ្លើងជាច្រើនគ្រាប់។ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មនុស្សជាច្រើនបានព្យាយាមចេញតាមបង្អួច គេចចេញពីការបាញ់ប្រហារ។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ជនដៃដល់ដែលបាញ់ប្រហារនោះគឺជាយុវជនអាយុ១៩ឆ្នាំ ជាមួយនិឹងកាំភ្លើងមួយដើម ។ ពេលដំបូងមានមនុស្សជាច្រើនលើកឡើងថា មានជនដៃដល់ម្នាក់ទៀតចូលរួមក្នុងការតទល់ជាមួយកម្លាំងប៉ូលិស។ ប៉ុន្តែមន្ត្រីក្នុងតំបន់បានបញ្ជាក់ថា ជនដៃដល់ធ្វើសកម្មភាពវាយប្រហារ តែម្នាក់ឯងប៉ុណ្ណោះ។
លោក Rustam Minnikhanov មេដឹកនាំ តំបន់ Tatarstan ក៏បានបង្ហាញវត្តមាននៅកន្លែងកើតហេតុ នាព្រឹកថ្ងៃទី១១ខែឧសភា(ពេលវេលាក្នុងតំបន់)។ លោក Rustam Minnikhanov បានលើកឡើងថាមានសិស្សប្រុស៣នាក់ និងសិស្សស្រី៣នាក់ស្លាប់ ក្រៅពីនេះនៅមានអ្នករងរបួសជាច្រើន។ មកទល់ពេលនេះអ្នកស្លាប់បានកើនឡើង១១នាក់ហើយ។
សកម្មភាពបាញ់ប្រហារខាងលើកើតឡើង ក្រោយពេលពលរដ្ឋរុស្ស៊ីបានវិលត្រឡប់មកធ្វើការវិញបន្ទាប់ពីឈប់សម្រាករយៈពេល១០ ថ្ងៃ ចាប់តាំងពីទិវាពលកម្ម រហូតដល់ទិវាជ័យជម្នះ៧៦ឆ្នាំលើរបបណាស៊ីអាល្លឺម៉ង់។
ទីក្រុង Kazan មានចម្ងាយពីទីក្រុងមូស្គូ ៨០០ គីឡូម៉ែត្រ ត្រូវបានចាត់ទុកថាជាទីក្រុងធំទីបីរបស់រុស្ស៊ី មានពលរដ្ឋរស់នៅ១,២ លាននាក់។ ពលរដ្ឋរស់នៅទីនោះភាគច្រើនជាជនជាតិអ៊ិស្លាម៕

រូបភាព៖ Sputnik/TTXVN


ចែករំលែក៖