ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញ ទទួលមូលនិធិ ពីសប្បុរសជន រួមមាន លោក លីវ ថោវ (Liv Thao) អ្នកគ្រប់គ្រងតំបន់ សេដ្ឋកិច្ចពិសេស មេនហាតធេន ចំនួន ២០.០០០ ដុល្លារ និងលោក សេង ប៊ុនណ្ណាត ប្រធានអង្គភាពអគ្គិសនីស្វាយរៀង ចំនួន ២.០០០ ដុល្លារ ក្នុងឱកាសអបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នា រួមជាមួយ កាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាង ភាពធន់របស់សង្គមជាតិ” ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ កាកបាទក្រហមកម្ពុជា សេចក្តីអំពាវនាវជូន ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជន នៅក្នុង និងក្រៅខេត្ត បានឆ្លើយតបចូលរួមឧបត្ថម្ភ ជាបន្តបន្ទាប់ ទោះបីការផ្អាកប្រារព្ធ មេទ្ទីង ទាំងថ្នាក់កណ្តាល និងថ្នាក់សាខា ក៏ដោយ ។
នៅក្នុងពិធីប្រគល់នេះ លោក ម៉ែន វិបុល ក្នុងនាមប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ អ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន និងលោកប្រធាន អង្គភាពអគ្គិសនី ស្វាយរៀង ដល់សាខាកាកបាទ ក្រហមកម្ពុជាខេត្ត នាថ្ងៃនេះ ប្រកបដោយទឹកចិត្ត មនុស្សធម៌ ។
សូមជម្រាបផងដែរថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ នាយឧត្តម សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងសហការី បានចូលរួមឧបត្ថម្ភ នូវថវិកា ១២០.០០០ ដុល្លារ ផ្ទេរចូលគណនេយ្យ សាខា តាមរយៈប្រព័ន្ធធនាគារ រួចហើយ ។
សាខានឹង បន្តយកចិត្តទុកដាក់ ប្រើប្រាស់អំណោយ ដ៍៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាព មនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយ ផ្សេងៗ ឲ្យបានទាន់ពេលវេលា ។
ទោះបីឆ្នាំនេះ សាខាមិនបានរៀបចំពិធី ដើម្បីអបអរខួបទី ១៥៨ ទិវាពិភពលោកកាកបាទ ក្រហម អឌ្ឍចន្ទក្រហម ដូចធ្លាប់បានធ្វើ ជារៀងរាល់ឆ្នាំក្តី សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង នៅតែបន្តកៀរគរមូលនិធិ និងស្វាគមន៍ ចំពោះការចូលរួមវិភាគទានថវិកា សម្ភារ ពីសំណាក់ លោកឧកញ៉ា លោក លោក លោកស្រី ជាសប្បុរសជន នៅរាជធានីភ្នំពេញ តាមរយៈលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកស្រី ដួង វណ្ណា ក្នុងនាមប្រធានកិត្តិយសសាខា និងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នៅថ្នាក់ខេត្តលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ។
ការចូលរួមឧបត្ថម្ភគាំទ្រថវិកា និងសម្ភារដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង កន្លងមក ក៏ដូចជា ពេលនេះ ពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតប សេចក្តីត្រូវការ ចំពោះជនរងគ្រោះ និងងាយរងគ្រោះ មហន្តរាយ នៅក្នុងខេត្ត បានទាន់ពេលវេលា ៕
ដោយ៖ យឹម សុថាន