ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ បានបន្តដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់(ក្រហម) ចំនួន៤០ម៉ឺនគ្រួសារ ហើយបើគិតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ ចំនួន៤០ម៉ឺនគ្រួសារ ដែលទទួល បានស្បៀងអាហារដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ថ្ងៃនេះ ប្រជាពលរដ្ឋចំនួន ២០.០០០គ្រួសារដែលទទួលអំណោយនៅថ្ងៃទី១២ឧសភានេះ រួមមាន៖នៅខណ្ឌមានជ័យចំនូន៤០០០គ្រួ សារ, ខណ្ឌពោធិ៍សែនជ័យចំនួន៨០០០ គ្រួសារ ,ខណ្ឌដង្កោចំនួន៥០០គ្រួសារ , ខណ្ឌឬស្សីកែវចំនួន៤៤០០គ្រួសារ ,ខណ្ឌជ្រោយចង្វាចំនួន៥០០គ្រួសារ,ខណ្ឌ៧មករាចំនួន៣០០គ្រួសារ ,ខណ្ឌទួលគោកចំនួន ១០០០គ្រួសារ ,ខណ្ឌច្បារអំពៅ ៥០០គ្រួសារនិងខណ្ឌកំបូលចំនួន៨០០គ្រួសារ ។
លោកបន្តថា ៖អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា យកទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ១២ខែ ឧសភានេះ បានចំនួន សរុប ៤០ម៉ឺនគ្រួសារហើយ។
សូមបញ្ជាក់ថា ៖អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនិងសកម្មភាពមនុស្សធម៏ខាងលើនេះ បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន ២០៦នាក់ និងរថយន្ត៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕
ដោយ ៖ សំរិត