អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលថៃ បានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១នេះថា ត្រឹមតែរយៈពេល ២៤ម៉ោងប៉ុណ្ណោះ អាជ្ញាធរមូលដ្ឋាន បានរាយការណ៍ពីករណីរកឃើញអ្នកឆ្លង COVID-19 រហូតដល់ទៅ ៤,៨៨៧នាក់ និងអ្នកជំងឺ ៣២នាក់ទៀតស្លាប់។ ហើយនេះគឺជាតួលេខអ្នកឆ្លង COVID-19 ប្រចាំថ្ងៃខ្ពស់បំផុត ដែលប្រទេសមួយនេះ មិនធ្លាប់ជួបប្រទះឡើយ។
សារព័ត៌មានថៃ The Nation បាននិយាយបន្ថែមថា ខណៈដែលតួលេខឆ្លងយ៉ាងគំហុកខាងលើនេះ បន្ទាប់ពីអាជ្ញាធរថៃ បានទទួលស្គាល់ថា កាលពីកំឡុងពេល ២៤ម៉ោងចុងក្រោយនេះ ពួកគេបានរកឃើញអ្នកទោសជិត ៣,០០០នាក់ក្នុងពន្ធនាគារបានឆ្លង COVID-19 ក្នុងនោះមានអ្នកទោស ១,៧៩៥នាក់ត្រូវបានរាយការណ៍ចេញពីពន្ធនាគារបាងកក (Bangkok Remand) និង ១,០៤០នាក់ ត្រូវបានរកឃើញនៅឯមណ្ឌលកែប្រែមួយទៀត (Central Women’s Correctional Institution)។
គួរជម្រាបថា បច្ចុប្បន្នប្រទេសថៃ ក្រោយបូកបញ្ចូលតួលេខថ្មីនេះ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនដល់ ៩៣,៧៩៤នាក់ ក្នុងនោះចំនួនអ្នកជំងឺស្លាប់កើនដល់ ៥១៨នាក់៕ដោយ៖ស តារា
រូបថត៖បាងកកប៉ុស្តិ៍