ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-ឥណ្ឌា៖​ ឯកភាពគ្នា ក្នុងការពង្រឹងទំនាក់ទំនង តទៅមុខទៀត ដើម្បីបង្កើនទំហំពាណិជ្ជកម្ម​ តាមរយៈប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៣ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្ដិ​ បានទទួល​ជួបជាមួយលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី តាមរយៈប្រព័ន្ធវីដេអូ។

ជាកិច្ចចាប់ផ្តើម លោក ប៉ាន សូរស័ក្ដិ​ បានចូលរួមសំដែងការសោកស្ដាយ ដ៏ក្រៀមក្រំ នូវការបាត់បង់អាយុជីវិត របស់ប្រជាជនឥណ្ឌាជាច្រើន ដោយសារការឆ្លងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាត យ៉ាងខ្លាំងនេះ។

ជាក់ស្ដែង​នៅក្នុងកិច្ចជំនួបនេះដែរ ភាគីទាំងពីរ បានពិភាក្សាគ្នា អំពីវឌ្ឍនភាព នៃការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគី (កម្ពុជា-ឥណ្ឌា) ដែលបច្ចុប្បន្ន ក្រុមការងារនៃប្រទេសទាំងពីរ កំពុងសហប្រតិបត្តិការ ជាមួយគ្នា ក្នុងការបញ្ចប់លក្ខខ័ណ្ឌ នៃសេចក្ដីយោង សម្រាប់គណៈកម្មាធិការ ចរចាពាណិជ្ជកម្ម នៃកិច្ចព្រមព្រៀងនេះ។

ជាមួយគ្នានេះ​ ភាគីទាំងពីរ វាយតម្លៃខ្ពស់ នូវកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាច្រើន ជាពិសេស កិច្ចសហប្រតិបត្តិការ ជំរុញការបង្កើតក្រុមការងាររួម លើវិស័យពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីផងដែរ។

មិនតែប៉ុណ្ណោះ​ ភាគីទាំងពីរ បានយល់ស្របគ្នា ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរ ដែលជាសសរស្ដម្ភដ៏សំខាន់ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។​ ហើយ​បានឯកភាព បន្ដទំនាក់ទំនង ដើម្បីដោះស្រាយបញ្ហាមួយចំនួន ដែលអាចកើតមានឡើង និងបន្ដសហការគា្ន យ៉ាងស្អិតរមួត ទាំងក្នុងតំបន់ និងលើឆាកអន្ដរជាតិ៕ដោយ​៖សហការី​


ចែករំលែក៖