ខេត្តប៉ៃលិន៖ ក្រោយពីប្រជាពលរដ្ឋ ជាច្រើនគ្រួសារ រស់នៅភូមិកូនភ្នំ និងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបាន «សត្វដង្កូវហ្វូង» ចូលស៊ីបំផ្លាញដំណាំពោតក្រហម ដែលពួកគាត់ ទើបតែដាំដុះបានរយ:ពេលជិត១ខែ មិនអាចរកវិធីកំចាត់បាន ដោយអ្នកខ្លះបាញ់ថ្នាំពុលកំចាត់ដង្កូវ២ដង ខ្លះបាញ់ថ្នាំ៣ដង លុះដង្កូវហ្វូង នៅតែបន្តចូលស៊ីបំផ្លាញ មិនដឹងធ្វើយ៉ាងណា រហូតមកដល់ថ្ងៃពីថ្ងៃទី១២ខែឧសភា ឆ្នាំ២០២១ ពួកគាត់ បានហៅខាងមន្ទីរកសិកម្មខេត្ត ឱ្យចុះពិនិត្យមើល និងណែនាំប្រាប់ពីរបៀបបាញ់ថ្នាំកំចាត់សត្វដង្កូវហ្វូងទាំងនេះ ។
បើតាមការរៀបរាប់ពីប្រជាពលរដ្ឋ ឈ្មោះ វ៉ាន់ ឃន ភេទប្រុស ដាំពោត២ហិកតា, ឈ្មោះ ទូច សុទ្ធ ភេទស្រី អាយុ៦០ឆ្នាំ ដាំពោត៣ហិកតា, ឈ្មោះ ប៊ុត ស្រីអូន ភេទស្រី ដាំពោត១០ហិកតា, និងឈ្មោះ មុយ ហៀង ដាំពោត២ហិកតា បានរៀបរាប់ឱ្យដឹងដូចៗ គ្នាថា ៖ ក្រោយពីពួកគាត់ដាំពោតក្រហម នៅលើដីចំការរបស់ខ្លួនរួច ស្របពេលដែលភ្លៀងធ្លាក់ច្រើនមេ ធ្វើឱ្យដំណាំនេះដុះលូតលាស់យ៉ាងល្អ ស្រាប់តែពេលដំណាំពោតក្រហមកំពុងតែមានត្រួយខៀវខ្ចីល្អ បែរជាមានសត្វដង្កូវចូលទៅស៊ីស្លឹក និងបណ្តូល ធ្វើឱ្យពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ។
ប្រភពបន្តទៀតថា ពួកគាត់ បានទិញថ្នាំនៅផ្សារ ដើម្បីយកទៅកំចាត់សត្វដង្កូវ ដោយអ្នកខ្លះបាញ់ស្រោចដំណាំចំនួន២ទៅ៣ដងមកហើយ តែរហូតមកដល់ពេលនេះ គឺដង្កូវទាំងនោះនៅតែបន្ត ស៊ីបំផ្លាញដំណាំពោតក្រហម ដដែល ពោលគឺទប់ទល់មិនឈ្នះនោះឡើយ ។ ហេតុនេះហើយ ធ្វើឱ្យពួកគាត់ម្នាក់ៗ មានការភ័យព្រួយ ទើបទាក់ទងហៅខាងមន្រ្តីនៃមន្ទីកសិកម្មខេត្តប៉ៃលិន ចុះពិនិត្យមើលដំណាំពោតក្រហម និងណែនាំពីរបៀបថែទាំ ព្រមទាំងការបាញ់ថ្នាំកំចាត់សត្វដង្កូវចេញពីចំការរបស់ខ្លួនតែម្តង ។
ក្នុងការចុះពិនិត្យមើលដំណាំពោតក្រហមដល់ក្នុងចំការប្រជាពលរដ្ឋនេះ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានណែនាំប្រជាពលរដ្ឋខាងលើឱ្យដឹងថា ៖ ដង្កូវដែលចូលស៊ីដំណាំពោត គឺជាប្រភេទសត្វដង្កូវហ្វូងថ្មី ទើបតែឆ្លងមកពីប្រទេសឥណ្ឌាតាមរយ:សត្វមេអំបៅ ហើយជាប្រភេទសត្វដង្កូវ ដែលលំបាកក្នុងការកំចាត់ចេញពីដំណាំពោតក្រហ ម ព្រោះដង្កូវទាំងនេះ ភាគច្រើនពួនសម្ងំនៅក្នុងបណ្តូលដើមពោត ហើយពេលខ្លះ ពួកវាចូលទៅសម្ងំនៅក្នុងដី លុះដល់ពេលយប់ ទើបចេញមកស៊ីដំណាំពោតតែម្តង ។ ដូច្នេះ វិធានការកំចាត់គឺយើង សំគាល់ទៅលើដើមពោត ដែលឃើញសត្វដង្កូវស៊ីបំផ្លាញ ហើយពេលណាឃើញសត្វមេអំបៅទាំងនេះ ហើរចូលក្នុងចំការ កសិករត្រូវតែប្រើអន្ទាក់ភ្លើង ដើម្បីចាប់មេអំបៅឱ្យផុតពីចំការរបស់ខ្លួន ។
លោកបន្តទៀតថា ម្យ៉ាងវិញទៀត នៅពេលឃើញសត្វដង្កូវកំពុងស៊ីបំផ្លាញដំណាំពោតក្រហមហើយ យើងក៏ត្រូវប្រើថ្នាំពុល ប្រភេទជ្រាបចូលដើមពោត ដោយពេលយើងបាញ់ថ្នាំរួច គឺថ្នាំពុលនោះនឹងជ្រាបចូលក្នុងដើមពោត លុះសត្វដង្កូវចេញមកស៊ី បណ្តាលឱ្យពុលងាប់តែម្តង តែបើកសិករជ្រើសរើសថ្នាំមិនត្រូវនឹងប្រភេទដង្កូវទាំងនេះទេ គឺមិនងាយក្នុងការកំចាត់ពួកវាឡើយ ។ លោកបញ្ជាក់ថា ការប្រើថ្នាំបាញ់សម្លាប់សត្វដង្កូវ ដែលមានប្រសិទ្ធិភាពបំផុតគឺធ្វើនៅពេលរសៀលចាប់ពីម៉ោង៤ ឬ៥ល្ងាច ជាពិសេសជិតយប់ ។ លោកក៏សំណូមពរដល់កសិករ ត្រូវចុះពិនិត្យមើលដំណាំចំការពោតជាប្រចាំ និងត្រូវបាញ់ថ្នាំកំចាត់សត្វល្អិត ឬដង្កូវឱ្យបានទាន់ពេលវេលា ។
ក្នុងការប្រើប្រាស់ថ្នាំ បើសិនជាមិនច្បាស់លាស់ អាចទាក់ទងសួរនាំទៅខាងមន្រ្តីជំនាញនៃមន្ទីរកសិកម្មខេត្តបន្ថែមទៀត ។ ជាចុងក្រោយលោក ក៏បានឱ្យមន្ត្រីជំនាញ ផ្តល់ថ្នាំពុលកំចាត់សត្វដង្កូវហ្វូង ដល់ប្រជាកសិករទាំងអស់ខាងលើ យកទៅប្រើដើម្បីបាញ់កំចាត់ដង្កូវនៅក្នុងចំការរបស់ខ្លួនផងដែរ ៕
ដោយ៖ ស សារ៉េត