ខេត្តព្រៃវែង៖ បេីយោងតាមលិខិតបញ្ជាក់របស់មន្ទីរសុខាភិបាលខេត្តព្រៃវែង កាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩។
នៅក្នុងលិខិតបញ្ជាក់របស់មន្ទីរសុខាភិបាលខេត្តព្រៃវែង បានបញ្ជាក់ថា អ្នកជំងឺកូវីដរូបនេះឈ្មោះ ស៊ីនួន សារ៉ាក់ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ខេត្តព្រៃវែង បានចូលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តព្រៃវែង កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១០ ឧសភា ថ្មីៗនេះ។ ខណៈដែលអ្នកជំងឺរូបនេះ ចូលមកដល់ក្រុមគ្រូពេទ្យពិនិត្យឃើញថា គាត់មានអាការៈធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ក្តៅខ្លួន និងក្អកខ្លាំង ហើយក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះអស់ពីសមត្ថភាពដែរ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះបាន។
ដោយឡែកអាជ្ញាធរមូលដ្ឋាន ក៏បានបញ្ជាក់ដែរថា អ្នកជំងឺឈ្មោះ ស៊ីនួន សារ៉ាក់ នេះគឺជាកម្មករសំណង់នៅគីឡូម៉ែត្រលេខ៧ ក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយបានវិលត្រឡប់មកដល់ស្រុកកំណើតវិញកាលពីថ្ងៃទី១០ ឧសភា។ លុះនៅយប់ថ្ងៃដដែល គាត់មានអាការៈក្តៅខ្លួនខ្លាំង ក្អកខ្លាំង ហត់ខ្លាំង ទើបក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រៃវែងទាំងយប់ រហូតមកដល់ល្ងាចថ្ងៃទី១២ ឧសភា ម្សិលមិញនេះ ក៏បានស្លាប់ដោយសារជំងឺកូវីដតែម្តង។ ចំណែកសពត្រូវបានក្រុមគ្រូពេទ្យនិងអាជ្ញាធរ រៀបចំយកទៅធ្វើការបូជាសពទាំងយប់។
គួរជម្រាបថា ខេត្តព្រៃវែង មួយរយៈពេលចុងក្រោយនេះ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនធំ បាននាំគ្នាធ្វើដំណើរចេញពីភ្នំពេញ ចូលមកកាន់ស្រុកកំណើតនៅក្នុងទឹកដីខេត្តព្រៃវែង ហើយពួកគាត់ទាំងនោះមួយចំនួនបានរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ផងដែរ។ ក្រោយរកឃើញ ក៏ត្រូវបានក្រុមគ្រូពេទ្យជំនាញនាំយកទៅព្យាបាលនៅក្នុងមន្ទីរពេទ្យជាបន្តបន្ទាប់។ ចំណែកក្រុមគ្រួសារសាច់ញាតិ ត្រូវជាប់ពាក់ព័ន្ធក៏ត្រូវបាននាំយកទៅធ្វើចត្តាឡីស័កផងដែរ។
ជាមួយគ្នានេះ អាជ្ញាធរខេត្ត ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាមានការប្រុងប្រយ័ត្នឲ្យឲ្យបានខ្ពស់អនុវត្តតាមវិធានការ បីការពារ បីកុំ ហើយក្នុងករណីឃើញមានអ្នកចម្ងាយចូលមកក្នុងភូមិ ស្រុក មានការសង្ស័យ សូមរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យមន្ត្រីជំនាញអាចចាត់វិធានការបានទាន់ពេលវេលា កុំឲ្យជំងឺនេះឆ្លងរាលដាលនៅក្នុងសហគមន៍៕ដោយ៖សហការី