ការវាយប្រហារគ្នារវាងអុីស្រាអែលនិងក្រុមហាម៉ាស់នៅហ្គាហ្សា កាន់តែតានតឹងខ្លាំងឡើង ហើយប្រព័ន្ធការពាររបស់អុីស្រាអែលពិតជាអសមត្ថភាពទប់ស្កាត់រ៉ុក្កែតបាញ់ចេញពីហ្គាហ្សា ។ ប៉ុន្មានថ្ងៃចុងក្រោយនេះមានរ៉ុក្កែតធម្មតាប្រមាណ១៥០០ដើមវាយប្រហារចូលទឹកដីអុីស្រាអែល។ ក្នុងពេលចាំបាច់អុីរ៉ង់ នឹងប្រើប្រាស់«ព្យុះមីស៊ីល ២ម៉ឺនដើមវាយប្រហារអុីស្រាអែល ក្នុងរយៈពេលតែ ២ម៉ោងប៉ុណ្ណោះ។
អ្នកឯកទេសវិភាគ Avia-Pro បានលើកឡើងថា ក្នុងសង្គ្រាមវាយប្រហាររវាងអុីស្រាអែល និងក្រុមហាម៉ាស នាពេលបច្ចុប្បន្ន គឺអុីស្រាអែលមិនបានទម្លាក់កំហុសដល់អុីរ៉ង់ដូចកាលពីមុននោះឡើយ ក្រោយការបាញ់រ៉ុក្កែត ជាង១ពាន់គ្រាប់ចូលទឹកដីអុីស្រាអែល ធ្វើឲ្យប្រព័ន្ធការពារមីស៊ីលរបស់អុីស្រាអែលត្រូវខាតបង់ជាច្រើន ។ ប្រសិនបើអុីរ៉ង់ បាញ់មីស៊ីល២ម៉ឺនដើមចូលទឹកដីអុីស្រាអែលទៀតនោះគឺជារឿងអាក្រក់បំផុតសម្រាប់ប្រទេសនេះ ។
អ្នកឯកទេស Avia-pro បញ្ជាក់ទៀតថា «កម្លាំងទាហានអុីស្រាអែល និងក្រុមឧទ្ទាមហាម៉ាស់នៅប៉ាឡេស្ទីនគឺមិនអាចប្រៀបផ្ទឹមគ្នាបានឡើយ ប៉ុន្តែអុីស្រាអែល ត្រូវខាតបង់រាប់ពាន់លានដុល្លារដោយការវាយប្រហារនោះ។ ពាក់ព័ន្ធអុីរ៉ង់វិញ បើប្រទេសនេះបាញ់មីស៊ីលទំនើបៗដល់ទៅ២ម៉ឺនដើមក្នុងពេល២ម៉ោងទៅលើប្រទេសអុីស្រាអែល គឺមិនមានប្រព័ន្ធការពារណាមួយអាចរារាំងបានឡើយ។ ទាំងនោះហើយបានជាអុីស្រាអែល មិនធ្វើឲ្យស្ថានភាពកាន់តែតានតឹងជាមួយអុីរ៉ង់នាពេលនេះឡើយ»។
នៅពេលនេះដែរ ប្រទេសជាច្រើនក្នុងតំបន់មជ្ឈឹមបូព៌ា បានបង្ហាញពីការសាមគ្គីភាពជាមួយជនជាតិប៉ាឡេស្ទីន ជួយដល់ប្រទេសនេះទប់ទល់ការវាយប្រហារពីអុីស្រាអែល ។
កន្លងមកប្រទេសតួកគី បានប្រកាសថាអាចនឹងបញ្ជូនកម្លាំងទាហានទៅកាន់ហ្គាហ្សា ដើម្បីទប់ទល់ជាមួយកម្លាំងទាហានអុីស្រាអែល។
គិតមកដល់ល្ងាចថ្ងៃទី១៣ខែឧសភា មានជនជាតិប៉ាឡេស្ទីន៨៣នាក់ហើយបានស្លាប់ ក្នុងការវាយប្រហារពីអុីស្រាអែល ក្នុងនោះមានកុមារ ១៧នាក់ និងស្ត្រី៧នាក់ ក្រៅពីនេះក៏មានអ្នករងរបួស ៤៨៧នាក់៕ដោយ៖ ធីរីណា
រូបភាព៖ doanhnghiepvn