ស្រុកមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវអនុវត្តច្បាប់អាជ្ញាសឹកក្រោយមានការវាយប្រហារគ្នារវាងកម្លាំងទាហានរដ្ឋាភិបាលនិងក្រុមទាហានប្រឆាំង។ កម្លាំងយោធាបានអនុវត្តច្បាប់អាជ្ញាសឹក នៅក្នុងស្រុក Mindat ក្នុងរដ្ឋChin ជាប់ព្រំដែនប្រទេសឥណ្ឌា ដោយមូលហេតុក្រុម«ភេរវកម្មប្រដាប់អាវុធ»វាយប្រហារទៅលើទីតាំងប៉ូលិស និងធនាគារ។
ការវាយប្រហារគ្នារវាងកម្លាំងទាហានយោធា និងកម្លាំងទាហានក្រុមប្រឆាំងដែលមានក្រុមជនជាតិភាគតិចនៅក្នុងស្រុក Mindat ក្នុងរយៈពេល ពីរថ្ងៃកន្លងមកគឺនៅថ្ងៃទី១២និង១៣ខែឧសភា ។ ក្រុមទាហានជនជាតិភាគតិចបានបើកការវាយប្រហារទៅលើទីស្នាក់កាប៉ូលិស និងធនាគារសេដ្ឋកិច្ចមីយ៉ាន់ម៉ា។
សារព័ត៌មាន MNA បានផ្សាយថា កម្លាំងសន្តិសុខ បានគ្រប់គ្រងស្ថានភាព ដោយមិនមានករណីស្លាប់នៅក្នុងការប៉ះទង្គិចគ្នានោះឡើយ។ ក្រុមទាហានជនជាតិភាគតិចបានលើកឡើងថា ការប្រកាសដាក់ស្រុក Mindat ក្នុងច្បាប់អាជ្ញាសឹកគឺជារឿងអត់ប្រយោជន៍។
ការផ្ទុះអាវុធកើតឡើងក្រោយពេល កម្លាំងទាហានរដ្ឋាភិបាល មិនគោរពការសន្យាដោះលែងពលរដ្ឋ ៧រូប ត្រូវកម្លាំងទាហានចាប់ខ្លួនពេលធ្វើបាតុកម្ម។ រដ្ឋាភិបាល យោធាមិនអាចគ្រប់គ្រងតំបន់ជាច្រើននៅក្នុងរដ្ឋនេះ ដោយសារតែជាភូមិសាស្ត្ររបស់ក្រុមទាហានជនជាតិភាគតិច ។
អំពើហិង្សាបានសម្លាប់មនុស្ស ៧៨៨នាក់ ចាប់តាំងពីកម្លាំងទាហានបង្ក្រាបបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហារកាលពីដើមខែកុម្ភៈមកទល់ពេលនេះ។ បច្ចុប្បន្នស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែអាក្រក់ខណៈ ពលរដ្ឋជាច្រើន បានទាំងតារា សីល្បៈ អតីតបរវរកញ្ញា បានរួមរួមជាមួយកម្លាំងទាហានរដ្ឋាភិបាលស្រមោលរួមជាមួយក្រុមជនជាតិភាគតិចដើម្បីប្រឆាំងរដ្ឋាភិបាលយោធា៕
ដោយ៖ ធីរីណា(រូបភាព៖ www.baogiaothong)