ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូចេញពីធ្វេីការ​ត្រូវរថយន្តដឹកហ្គាសបេីកបុកនិងកិនបណ្ដាលឲ្យស្លាប់នៅផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញ ៖​ ពិតជាគួរឱ្យសង្វេគខ្លាំងណាស់​ ដែលបុរសវ័យចំណាស់ម្នាក់ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះវិញតែពេលមកដល់ពាក់កណ្តាលផ្លូវត្រូវបុរសម្នាក់ទៀតបើករថយន្តលឿនដូចហោះជ្រុលទៅបុកពីក្រោយពេញទំហឹង​រួចហើយកិនទាំងអ្នកជិះម៉ូតូបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង ៥០នាទីយប់ថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ។

    សពជនរងគ្រោះមានឈ្មោះ​ យឿន​ ឈីវហុង​ អាយុ៥៤ឆ្នាំ មុខរបរចុងភៅ​ ស្នាក់នៅសង្កាត់វាលស្បូវ​ ខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ។ 

  យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលេីបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជាជនរងគ្រោះបានជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកណ្ដាល​  1S-1848  តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានបុរសម្នាក់បើករថយន្ត​ FUSO ដឹកហ្គាស ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 3B-2485  មកពីក្រោយក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងនិងកិនបុរសជាជនរងគ្រោះបណ្ដាលឲ្យស្លាប់​ រួចក៏បើករត់គេចអូសម៉ូតូជាច្រើនម៉ែត្រ តែពេលនោះក៏ត្រូវបានប្រជាពលរដ្ឋសហការជាមួយនឹងកងកម្លាំងនគរបាលខណ្ឌច្បារអំពៅដេញតាមចាប់បាននៅភូមិជ្រោយអំពិល​ សង្កាត់ក្បាលកោះ​ ខណ្ឌច្បារអំពៅ​ រួចបានយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ តែម្ដង​ ។ 

  តាមប្រភពព័ត៌មានពីសាច់ញាតិបុរសជនរងគ្រោះ​ បានប្រាប់ឱ្យដឹងថា​ ជនរងគ្រោះបានជិះម៉ូតូចេញពីកន្លែងធ្វើការនៅម្ដុំផ្សារដីហុយ ខណ្ឌសែនសុខ ក្នុងគោលបំណងត្រឡប់មកផ្ទះ តែជាអកុសលពេលមកដល់ពាក់កណ្តាលផ្លូវក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតយ៉ាងដូច្នេះ។ 

    ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌច្បារអំពៅចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងរួចក៏ប្រគល់រថយន្តនិងម៉ូតូរួមទាំងអ្នកបើកបររថយន្តបង្កឲ្យទៅខាងជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។​ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖