យន្តហោះច្បាំងអុីស្រាអែល បានបើកការវាយប្រហារជាទ្រង់ទ្រាយធំ ទៅលើទីតាំងនានាក្នុងតំបន់ហ្គាហ្សា នាព្រឹកថ្ងៃទី១៧ខែឧសភា ។ សារព័ត៌មានAP បានផ្សាយថា នាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ បានប្រកាសបន្តវាយប្រហារប្រឆាំងក្រុមហាម៉ាស់នៅហ្គាហ្សា។
មានករណីផ្ទុះជាច្រើនកើតឡើងនៅហ្គាហ្សា ដោយការវាយប្រហារតាមដែនអាកាស រយៈពេល១០នាទី នាព្រឹកថ្ងៃទី១៧ខែឧសភា។ កន្លងមកកម្លាំងទាហានអុីស្រាអែល វាយប្រហារទីតាំងជាច្រើន ក្នុងតំបន់ហ្គាហ្សា សម្លាប់ជនជាតិប៉ាឡេស្ទីន៤២ នាក់ ហើយអគារ៣ខ្នងរងការវាយកម្ទេច។ នេះជាការវាយប្រហារទ្រង់ទ្រាយធំបំផុត។
លោកណេតាន់យ៉ាហ៊ូ បានព្រមានថា នឹងប្រើប្រាស់កម្លាំងទាំងអស់ ក្នុងការប្រឆាំងក្រុមហាម៉ាស ។ អគ្គមេបញ្ជាការកម្លាំងទាហានអុីស្រាអែល លោក Aviv Kochavi បាននិយាយថា ក្រុមហាម៉ាស់ បានវាយតម្លៃខុសពីកម្លាំងប្រតិកម្ម របស់ប្រទេសអុីស្រាអែល។ លោកបានព្រមានថា តំបន់ហ្គាហ្សានឹងទទួលរងការវាយប្រហារតាមដែនអាកាសទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក។
រដ្ឋាភិបាលអុីស្រាអែលបានច្រានចោល រាល់ការស្នើរបទឈប់បាញ់នាពេលនេះ ។ មន្ត្រីគ្រប់គ្រងគ្រោះអាសន្ន នៅហ្គាហ្សា លោកស្រី Samir al-Khatib បាននិយាយទៅកាន់សារព័ត៌មានAP ថា «ខ្ញុំមិនដែលឃើញ ការវាយប្រហារបំផ្លាញទ្រង់ទ្រាយធំបែបនេះឡើយ ក្នុងរយៈពេលធ្វើការ១៤ឆ្នាំនៅទីនេះ ។ សូម្បីតែសង្គ្រាម កាលពី ឆ្នាំ២០១៤ក៏មិនស្មើឡើយ។
កម្លាំងទាហានអាកាសអុីស្រាអែល បានបើកការវាយប្រហារដោយមីស៊ីលឆ្លាតវៃ ទៅលើទីតាំងផ្លូវក្រោមដីនៅហ្គាហ្សា ។ កម្លាំងទាហានអុីស្រាអែល បានប្រើប្រាស់គ្រាប់បែកឆ្លាតវៃ ១០០គ្រាប់កម្ទេចបណ្តាញរូងក្រោមដីរបស់ក្រុមហាម៉ាស៕
ដោយ៖ ធីរីណា(រូបភាព៖ AP)