ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញសម្រុកនាំធ្យូងចេញទៅកាន់ប្រទេសវៀតណាមតាមច្រកត្រពាំងប្លុង មេព្រៃទទួលទិសលោក ហ៊ុន វាសនា ថាក្តាប់អត់ជុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ តាមសេចក្តីរាយការណ៍ពីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ មានរថយន្តសាំយ៉ុងកែច្នៃទ្រុងចំនួនជាង១០គ្រឿងបានសម្រុកដឹកធ្យូងចេញតាមច្រកអន្តរជាតិត្រពាំងប្លុង យកទៅលក់នៅប្រទេសវៀតណាម ដោយមិនមានមន្ត្រីជំនាញណាអើពើឡើយ។

សេចក្តីរាយការណ៍បន្តថា សព្វថ្ងៃមានក្រុមឈ្មួញជាច្រើនបាននាំធ្យូងទៅលក់នៅប្រទេសវៀតណាម ទោះបីមានការហាមឃាត់ដោយច្បាប់មិនអនុញ្ញាតឲ្យនាំចេញក៏ដោយ ក៏ក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ក៏មានរថយន្តដឹកធ្យូងចេញទៅក្រៅប្រទេស៨ទៅ១៥គ្រឿងដែរ ដែលក្នុងមួយគ្រឿងៗផ្ទុកធ្យូងយ៉ាងតិចពី១ទៅ២.៥តោនដែរ។
ក្រុមអ្នកតាមដានបរិស្ថានបានលើកឡើងថា ការជួញដូរធ្យូងមើលទៅវាមិនធំដុំក៏ពិតមែន ប៉ុន្តែវាប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រៃឈើ ព្រោះធ្យូងទាំងនោះតម្រូវយកកូនឈើមិនទាន់គ្រប់អាយុរាប់ម៉ឺនដើមទៅកែច្នៃឱ្យចេញជាធ្យូង។
ចំពោះធ្យូង ច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្មបានតែនៅក្នុងស្រុក ក្នុង ទ្រង់ទ្រាយតូចបន្តិចបន្តួចប៉ុណ្ណោះ ក៏ប៉ុន្តែ នេះ ឈ្មួញដឹកក្នុងទ្រង់ទ្រាយធំ ហើយដឹកឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់ទៀត និងមិនមានសមត្ថកិច្ចជំនាញបង្ក្រាបឡើយ ពិសេសមន្រ្តីរដ្ឋបាលព្រៃឈើខណ្ឌត្បូងឃ្មុំ ហើយធ្យូងនេះផលិតពីឈើ មិនមែនធ្យូងសិប្បនិមិត្តទេ ដូច្នេះការដុតធ្យូងឈើគឺជាការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ធ្វើឲ្យបាត់បង់ព្រៃឈើធម្មជាតិធ្ងន់ធ្ងរ ។

ជុំវិញករណីខាងលើនេះនាយរងផ្នែករដ្ឋបាលព្រៃឈើមេមត់ លោក ហ៊ុន វាសនា ដែលជាអ្នកទទួលទិសនិងជាអ្នកនៅលើដងផ្លូវចំណុចបទល្មើសខាងលើ លោកបានប្រាប់មកថា ករណីនេះលោកក្តាប់អត់ជុំទេ លោកប្រាប់ឱ្យទៅសួរ លោក បែន សីម៉ា ដែលជាមន្រ្តីខណ្ឌជាអ្នកក្តាប់ផ្ទាល់ ប៉ុន្តែលោកមិនប្រាប់លេខទូរស័ព្ទឡើយ។

ចំណែក លោក សួរ ណាវី នាយផ្នែករដ្ឋបាលព្រៃឈើមេមត់វិញ ក្នុងប្រព័ន្ធទំនាក់ទំនងតេឡេក្រាម លោកមិនចូលឆ្លើយតបទេ ។

ចំពោះលោក បែន បុល្លីណា នាយខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ មិនអាចសុំការបំភ្លឺបានទេព្រោះជាទម្លាប់គាត់មិនឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានឡើយ។

តាមប្រព័ន្ធសារទំនាក់ទំនងតេឡេក្រាម ជុំវិញករណីខាងលើនេះ ភ្នាក់ងារយើងបានសុំការបកស្រាយទៅ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ លោកបានប្រាប់ឱ្យដឹងថា ការដឹកសំពីងសំពោងបែបនេះទាក់ទងទៅនឹងប៉ូលិសចរាចរណ៍គេនឹងមានវិធានការ តែបើឆ្លងដែនគឺទាក់ទងទៅមេបុស្តិ៍និងគយ ។

ភ្នាក់ងារយើងក៏បានសុំការបំភ្លឺបន្តទៅលោកថា ចុះជំនាញមេព្រៃមានសិទ្ធិបង្រ្កាបទេ ? ចំពោះសំណួរនេះលោកមិនបានឆ្លើយតបនោះទេ?! ៕

ដោយ៖ វណ្ណៈ


ចែករំលែក៖