ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានបញ្ជូនខ្លួនមេខ្លោងជនជាតិចិនចំនួន ៣នាក់ ក្រោយពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនពីរផ្សេងគ្នា មានចំនួនប្រមាណជិត៨០គីឡូក្រាម ដែលបម្រុងនាំឆ្លងដែនកាត់ប្រទេសកម្ពុជា ទៅប្រទេសវៀតណាម មកកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។
គួរជម្រាបថា របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ករណីទី១. ប្រតិបត្តិការនេះគឺបានបន្តការស៊ើបអង្កេត តាមជំនាញ លើករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោកឆ្លងកាត់កម្ពុជាទៅវៀតណាមដែលបានសហការបង្ក្រាប នៅខេត្តស្វាយរៀង កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។
លុះនៅថ្ងៃទី១២ ខែឧសភាកម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ក១០ ចូលរួមសហការពីកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងដឹកនាំសម្របសម្រួលពីលោក សឿន មុនីរត្ន័ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការ បន្តបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុចទល់មុខផ្សារម៉ាតស៊ីផ្លេស ក្នុងបុរីប៉េងហួតបឹងស្នោរនិងឆែកឆេរ លំនៅឋានជនសង្ស័យ ផ្ទះលេខ២៧ ផ្លូវP10 បុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះជាលទ្ធផល កម្លាំងជំនាញឃាត់ខ្លួនមេខ្លោងគ្រឿងញៀន ចំនួនពីរនាក់ ទី១.ឈ្មោះ LIU JIC អាយុ៤០ឆ្នាំ និងទី២.ឈ្មោះ CHAN HUNG FAI អាយុ៥៨ឆ្នាំ ។ក្នុងនោះចាប់យកវត្ថុតាង សារធាតុញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់៥២.៧៦៨គីឡូក្រាម, ហេរ៉ូអ៊ីន ចំនួន៤៩ដុំ ស្មើទម្ងន់១៧.២៩២គីឡូក្រាម, មេតំហ្វេតាមីន (ICE) ១១.៧៩ក្រាម សរុបចាប់យកវត្ថុតាងគ្រឿងញៀន៧០.០៧២គីឡូក្រាម។
ដោយឡែក ករណីទី២. បង្ក្រាបបាននៅថ្ងៃទី១២ ខែឧសភាវេលាម៉ោង១១ និង៣៥ព្រឹក ដោយកម្លាំងជំនាញរបស់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៥) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យក៥ ព្រមទាំងដឹកនាំសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ នៅចំណុចបេនឡានអូរឬស្សី ផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងបន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ៤៨២BIS ផ្លូវទន្លេមេគង្គ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជាលទ្ធផល ឃាត់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ ឈ្មោះ ហ្វាន អ៊ី(FAN YI) ជនជាតិចិនកាន់លិខិតឆ្លង ដែនលេខ EJ4666319 បច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ៤៨២BIS ផ្លូវទន្លេមេគង្គ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយ ចង្វារ រាជធានីភ្នំពេញ។ ចំណែកវត្ថុតាងចាប់យកបានរួមមាន៖ អ៊ិចស្តាស៊ី (MDMA) ទម្ងន់៩៧១.៧៧ក្រាម(លាក់បង្កប់ក្នុងជើង កង្ហារបញ្ឈរ), កេតាមីន (Ketamine) ទម្ងន់ ៥.៥៧៨គីឡូក្រាម, មេតំហ្វេតាមីន (ICE) ៩៣.១៩ក្រាម ចាប់យកវត្ថុតាងគ្រឿងញៀនសរុប៦.៦៤៣គីឡូក្រាម។
បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ តាមចាប់មុខសញ្ញាពាក់ព័ន្ធដែល កំពុងរត់គេចខ្លួន និងបើកការស៊ើបអង្កេត បទល្មើសសម្អាតប្រាក់ផងដែរ៕ដោយ៖សហការី