ព័ត៌មានទាន់ហេតុការណ៍៖

កាន់តែ​ធ្ងន់ធ្ងរ​! ថៃ​ ក្រោយផ្ទុះការឆ្លងកូវីដ-១៩យ៉ាងគំហុក នៅតាមពន្ធនាគារ​ ថ្ងៃ​នេះ​រកឃើញករណីឆ្លងថ្មី​ ជិត​១ម៉ឺន​នាក់​

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន The Nation នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១​នេះ​ បានដកស្រង់ចេញផ្សាយពីមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 នៅប្រទេសថៃ​ បានបញ្ជាក់ថា​៖​ ជាកំណត់ត្រាថ្មីមួយសម្រាប់ប្រទេសថៃ ខណៈ​ដែល​ អាជ្ញាធរថៃ​ ក្នុង​រយៈពេល​ត្រឹម​តែ​១ថ្ងៃ​ប៉ុណ្ណោះ​ រកឃើញករណីឆ្លង COVID-19 រហូតដល់ ៩,៦៣៥នាក់, ដោយគ្រាន់​តែមនុស្ស ៦,៨៥៣នាក់ក្នុងចំណោមអ្នកឆ្លងថ្មីៗទាំងនេះ គឺត្រូវបានរាយការណ៍ចេញពីពន្ធនាគារមួយចំនួន។​ ជាមួយគ្នានេះ​ អ្នកជំងឺ ២៥នាក់ទៀតបាត់បង់ជីវិត នៅក្នុងរយៈពេលមួយថ្ងៃដូចគ្នា។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 បានបន្តថា​ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសថៃកើនដល់ ១១១,០៨២ករណី ក្នុងនោះមានអ្នកស្លាប់ ៦១៤នាក់ និងជាសះស្បើយវិញជាង ៦៧,០០០នាក់។

បច្ចុប្បន្ន​ប្រទេសថៃ​ កំពុងតែស្ថិតនៅក្នុង ដំណាក់កាលទប់ទល់រលកទី ៣ នៃការឆ្លងរាតត្បាត COVID-19។ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ វ៉ាក់សាំងបង្ការ COVID-19 សរុប ២.២លានដូសហើយត្រូវបានចាក់ជូនប្រជាជន។

គួរបញ្ជាក់ថា​ វ៉ាក់សាំងដែលប្រទេសថៃ​ កំពុងប្រើប្រាស់បច្ចុប្បន្ននេះ​ គឺ AstraZeneca និង Sinovac ខណៈវ៉ាក់សាំងដែលត្រូវបានអនុម័តឲ្យប្រើផ្សេងទៀត គឺមិនទាន់ត្រូវបានបញ្ជូនមកដល់នៅឡើយទេ៕ ដោយ​៖ស​ តារា​


ចែករំលែក៖