ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តតាកែវ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៥១នាក់នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១, ប្រុងប្រយ័ត្នផងបងប្អូន !

ចែករំលែក៖

ខេត្តតាកែវ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា,

យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២១ បានរកឃើញ អ្នកជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន៥១នាក់។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៥១នាក់ គឺជាអាជីវករ កសិករ សិស្ស ជាងពិដាន កម្មករនិងកម្មការិនីរោងចក្រ ដូចមានរាយនាមខាងក្រោមតាមតារាង៖
ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវដល់លោក លោក ស្រីអាជីវករ បងប្អូនប្រជាពលរដ្ឋនិងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នក វិជ្ជមានកូវីដ-១៩ ខាងលើត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញ៉ាប់រួសរាន់ទៅផ្តល់សំណាក ដើម្បីវិភាគរក វីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះរបស់លោកអ្នករៀងរាល់ម៉ោងធ្វើការ(រួមទាំងថ្ងៃ ឈប់សម្រាក)ហើយត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល ។
បន្ថែមលើនេះអ្នកដែលពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ដង ក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះ ឬបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋនិងសាធារណជនទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបាន ម៉ឹងម៉ាត់ បំផុត ជាពិសេសសូមបងប្អូនអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ *៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា៖ ឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អក កណ្តាស់ ហៀវ សំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម ។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរពេទ្យបង្អែកតាម ក្រុង ស្រុក ឬមន្ទីរសុខាភិបាលខេត្ត ឬ តាមរយៈលេខទូរស័ព្ទ ០១៦ ៨៩៥ ៩៥៥ (លោក វេជ្ជ. នុត ស៊ីណាត)។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូន អនុវត្តអោយមានប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖