ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ថា, រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៥នាក់ ក្នុងនោះ ស្រុកបាធាយ ០១នាក់, ស្រុកចំការលើ ០១នាក់ (ពលករមកពីថៃ), ក្រុងកំពង់ចាម ០១នាក់ និងស្រុកកំពង់សៀម ០២នាក់(មកពីភ្នំពេញ) ក្នុងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ, ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ, ភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ភូមិព្រៃគុយ ឃុំស្រុក និងភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម និង សាធារណៈជនទាំងអស់ អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់ ដែលមានឈ្មោះដូចខាងក្រោម តាមតារាង៖
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្ត យកសំណាកលើអ្នកសង្ស័យចំនួន១៦៩នាក់ ទទួលបានលទ្ធផលតេស្តរហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន០៥នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺទាំង០៥នាក់ មកសម្រាកព្យាបាលនៅមន្ទីរ ពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលនឹងអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត។
រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ការពារ ” និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕
ដោយ ៖ វណ្ណៈ